
រដ្ឋបាលថ្នាក់ខេត្តកម្ពុជា-ថៃពិភាក្សាគ្នាស្វែងរកលទ្ធភាពនៃការបើកច្រកទ្វាព្រំដែនថ្មីជាបណ្ដោះអាសន្ន
បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកអភិបាលខេត្ត អ៊ុ រាត្រី បានជួបពិភាក្សាជាមួយនឹងអភិបាលខេត្តខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃដឹកនាំដោយលោក បរិនញ៉ា ភោធីសាធ (Parinya Phothisat) ស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូលកាលពីថ្ងៃទី១០ ខែមីនាម្សិលមិញ។
កិច្ចប្រជុំនេះធ្វើឡើងនៅការិយាល័យគយថៃនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តទាំង២ ផ្លាស់ប្តូរព័ត៌មានគ្នាក្នុងគោលបំណងបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់នេះ។
ទោះជាយ៉ាងណាបើតាមលោកអភិបាលខេត្ត អ៊ុ រាត្រី លទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការសម្រេចថាបើកឲ្យដំណើរការពេលណានោះទេ ដោយរង់ចាំគោលការណ៍រាជរដ្ឋាភិបាលនៃប្រទេសទាំង២ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយសិន។
ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀនជាច្រកព្រំដែនសេដ្ឋកិច្ចថ្មីមួយរវាងប្រទេសកម្ពុជា និងថៃ។ គម្រោងបង្កើតនិងបើកដំណើរការច្រកព្រំដែនអន្តរជាតិនេះគឺជាផ្តួចផ្តើមដោយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា-ថៃក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចមេគង្គ-អ៊ីរ៉ាវ៉ាឌី (MICE)៕