ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខេត្ដសៀមរាបសម្រេចបានជាង៦០ភាគរយនៃការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២

សៀមរាប៖ មន្ដ្រីជំរឿនបានឲ្យដឹងថាការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ក្នុងខេត្ដសៀមរាបសម្រេចបានប្រមាណជាង៦០ភាគរយ ក្នុងចំណោមសហគ្រាសអាជីវកម្មជិត ៥ម៉ឺនសហគ្រាស ដែលបានចុះបញ្ជីសេដ្ឋកិច្ចនៅក្នុងខេត្ដ។

ប្រធានមន្ទីរផែនការខេត្ដសៀមរាបលោក ហាក់ សុធារ៉ា បានឱ្យមន្ទីរព័ត៌មានខេត្តសៀមរាបដឹងថា ការធ្វើសម្ភាសន៍សម្រាប់ជំរឿនសេដ្ឋកិច្ចនេះធ្វើឡើងទៅលើអង្គភាពអាជីវកម្មសហគ្រាសទាំងអស់របស់រដ្ឋ និងឯកជន ដែលបានដំណើរការចុះបញ្ជីសេដ្ឋកិច្ច និងការគូរផែនទីកាលពីឆ្នាំ២០២១កន្លងមក។

គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ មន្ដ្រីជំរឿនបានធ្វើសម្ភាសន៍ប្រជាពលរដ្ឋលក់ដូរឥវ៉ាន់ចាប់ពីមួយកញ្ច្រែងនៅខាងមុខផ្ទះ ឬនៅតាមផ្លូវ រហូតដល់ផ្ទះសំណាក់សណ្ឋាគារ ក្រុមហ៊ុនតូចធំទាំងអស់ លើកលែងតែជាប្រភេទអាជីវកម្មរបស់ស្ថានទូតនានា និងផ្នែកកសិកម្ម។

លោកបន្ដថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ បានដំណើរការយ៉ាងរលូន ដោយក្នុងរយ:ពេល ៩ថ្ងៃកន្លងមកនេះ មន្ត្រីជំរឿនបានសម្ភាសន៍ក្នុងចំណោមអាជីវកម្មសហគ្រាសចំនួនប្រមាណ ៤៨ ៦០០សហគ្រាស ស្មើប្រមាណជាង៦០ភាគរយ ខណ:ដែលមានមន្ដ្រីធ្វើការជាង២០០នាក់។

តាមរយៈលទ្ធផលនៃការធ្វើជំរឿនសេដ្ឋកិច្ចនេះ គេគ្រោងថានឹងបញ្ចប់តាមផែនការកំណត់នូវដំណាច់ខែមីនាខាងមុខ។ កម្មវិធីការងារនេះមាន ការចុះអនុវត្ដសម្ភាសន៍ចំនួន ២០ថ្ងៃ និងចំនួន ១០ថ្ងៃ ពេលវេលាសម្រាប់បូកសរុបលទ្ធផល។

ទោះជាយ៉ាងនេះក្ដី លោក ហាក់ សុធារ៉ា ថាការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ មានការលំបាក និងប្រឈមបន្ដិចបន្តួច ដោយសារមានប្រជាពលរដ្ឋមួយចំនួនមិនសូវសហការផ្ដល់កិច្ចសម្ភាសន៍ជាមួយមន្ដ្រីជំរឿនជាពិសេសប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដោយពួកគាត់មានការភាន់ច្រឡំថា ការធ្វើជំរឿនសេដ្ឋកិច្ចនេះ ដើម្បីឱ្យពួកគាត់បង់ពន្ធលើអាជីវកម្មរបស់គាត់។ តែក្រោយពេលមានការណែនាំពីមន្ដ្រីជំរឿន និងអន្ដរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ ទើបប្រជាពលរដ្ឋបានឱ្យធ្វើសម្ភាសន៍ធម្មតា។

ដោយឡែកនៅតាមបណ្ដាស្រុកចំនួន ១១ទៀត ក្នុងខេត្ដសៀមរាប បានដំណើរការសម្ភាសន៍ធម្មតា។

លោកស្នើដល់ប្រជាពលរដ្ឋ ឱ្យមានចូលរួមផ្ដល់បទសម្ភាសន៍ជាមួយក្រុមមន្ដ្រីជំរឿនឱ្យបានទាន់ពេល ព្រោះការធ្វើជំរឿនសេដ្ឋកិច្ចនេះធ្វើឡើងត្រូវបានរក្សាសម្ងាត់នូវអាជីកម្មសហគ្រាសរបស់ប្រជាពលរដ្ឋ។

រដ្ឋាភិបាលកម្ពុជា បានអនុវត្តការធ្វើជំរឿនសេដ្ឋកិច្ចលើកទី២នេះ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន ដែលបានអនុវត្ដចាប់ពីថ្ងៃទី១ មីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ រាល់ទិន្ន័យជំរឿនទាំងអស់ នឹងប្រមូលមកពីគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក