បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់គ្រប់ស្រុក-ក្រុងដែលជាប់នឹងព្រំដែនកម្ពុជា-ថៃ ពិសេសតាមច្រករបៀងដែលងាយនឹងមានការលួចនាំចេញ-ចូលនូវទំនិញមិនស្របច្បាប់រួមទាំងពលករលួចឆ្លងដែនខុសច្បាប់ ពិសេសការចរាចរណ៍គ្រឿងញៀនឆ្លងដែនមកកម្ពុជា។
ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិអធិការនគរបាលស្រុកអូរជ្រៅកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ បានណែនាំដល់ កងកម្លាំងនគរបាលស្រុកអូរជ្រៅ ដូចជាប៉ុស្តិរដ្ឋបាលឃុំអូរបីជាន់ ពិសេសលោកអធិការទើបឡើងថី្មត្រូវអនុវត្តឲ្យបាននូវបទបញ្ជារបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ និងទប់ស្កាត់ការលំហូររបស់ពលករឆ្លងដែនចេញ- ចូលខុសច្បាប់ដោយរកឱ្យឃើញមេខ្យល់ នាំឆ្លងដែនខុសច្បាប់ ទំនិញឆ្លងដែនគេចពន្ធជាដើម ដោយត្រូវមានកិច្ចសហការជាមួយអាជ្ញាធរនគរបាលការពារព្រំដែន និងកម្លាំងយោធា ដែលឈរជើងតាមបន្ទាត់ព្រំដែន និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗទៀតពិសេសបទល្មើសគ្រឿងញៀន។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ពេលសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត (កម្ពុជា-ថៃ) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់ខេត្តជាប់ព្រំដែនពិសេសកម្ពុជា-ថៃ បន្តកិច្ចសហការគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងកិច្ចការងារចាំបាច់រវាងប្រទេសទាំងពីរ ដោយត្រូវមានការរឹតបន្តឹងទប់ស្កាត់នូវបទល្មើសលួចឆ្លងដែនដោយខុសច្បាប់នានា ជាពិសេសគ្រឿងញៀនតែម្ដង ដោយឱ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវតែមានត្រួតពិនិត្យឱ្យបានម៉ត់ចត់លើបញ្ហានេះ៕