បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ទប់ស្កាត់ការកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិធនធានធម្មជាតិនៅបឹងទន្លេសាប។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅក្រុងបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់អាជ្ញាធរខេត្តនៅតំបន់បឹងទន្លេសាបឱ្យចុះបង្រៀនពលរដ្ឋឱ្យពួកគាត់បានយល់ពីផលប្រយោជន៍នៃធនធានធម្មជាតិដើម្បីឱ្យពួកគាត់ចូលរួមថែរក្សាទាំងអស់គ្នា។
សម្ដេចលើកឡើងថា៖ «អាជ្ញាធរបឹងទន្លេសាបត្រូវដើរបង្រៀនដល់ប្រជាពលរដ្ឋ នៅជុំវិញបឹងទន្លេសាប ឱ្យពួកគាត់ជួយការពារ ហើយសូមយកចិត្តទុក្ខដាក់ ដើម្បីជួយគ្រប់គ្រងព្រៃធម្មជាតិ សូមឱ្យរដ្ឋបាលខេត្ត និងអភិបាលស្រុកសំឡូត ទប់ស្កាត់ បើមិនចឹងទេ អស់ហើយព្រៃធម្មជាតិរបស់យើង»។
សម្ដេចក៏បានណែនាំដល់មន្ដ្រីជំនាញ ឬមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះផ្សព្វផ្សាយទៅប្រជាពលរដ្ឋឱ្យយល់ដឹងអំពីព្រំប្រទល់នៃព្រៃលិចទឹក ក្នុងបឹងទន្លេសាប ហើយត្រូវបោះបង្គោលឱ្យបានត្រឹមត្រូវផងដែរ និង ណែនាំបន្ថែមទៀតដល់អភិបាលស្រុកដែលជាប់បឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ ដើម្បីគ្រប់គ្រង និងការពារធនធានធម្មជាតិនៅបឹងទន្លេសាប ជាពិសេសនោះ អភិបាលស្រុកទាំងអស់នៅជុំវិញបឹងទន្លេសាប កុំពាក់ព័ន្ធទៅនឹងព្រៃលិចទឹកឱ្យសោះ។
សម្ដេចក៏បានស្នើក្រុមការងាររាជរដ្ឋាភិបាលផ្ដល់ការគាំទ្ររដ្ឋបាលខេត្ត ដោយសង្កត់ធ្ងន់ថាបើធ្វើមិនបានល្អទេ នឹងទទួលការរិះគន់ពីអ្នកជំនាន់ក្រោយ។
ក្រសួងដែនដីឱ្យដឹងថាប្រជាពលរដ្ឋជាង ១ម៉ឺន៥ពាន់គ្រួសាររស់នៅក្នុងខេត្តចំនួន៦ ជុំវិញបឹងទន្លេសាបស្ម័គ្រចិត្តប្រគល់ដីលិចទឹកដែលខ្លួនកាន់កាប់ដោយខុសច្បាប់ប្រមាណជិត ៧ម៉ឺនហិតាជូនរដ្ឋវិញ ពោល៣ខែបន្ទាប់ពីរដ្ឋាភិបាលមានវិធានតាមការបញ្ជាពីនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១៕