នាវាស្វ័យការពារជប៉ុន ០២គ្រឿងប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនឹងមកដល់ក្រុងព្រះសីហនុដើមសប្ដាហ៍ក្រោយ
ខេត្តព្រះសីហនុ៖ មន្ត្រីកងទព័ជើងទឹកកម្ពុជាឲ្យដឹងថា នាវាស្វ័យការពារជប៉ុនចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គ្រោងនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៥ ដល់១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា និងជាការរម្លឹកអបអរសាទខួបទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រតិភូនាវាស្វ័យការពារជប៉ុននឹងជួបសម្តែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផងដែរ។
សូមបញ្ជាក់ថា នាវាស្វ័យការពារជប៉ុនទាំង២នោះមានឈ្មោះ URAGA - 463 ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ មានទំងន់ផ្ទុក ៥,៦៥០តោន មាននាវិកចំនួន១២៦នាក់ នាវាមួយទៀតឈ្មោះ HIRADO-305 មានបណ្ដោយ៦៧ម៉ែត្រ ទទឹង១១ម៉ែត្រ ជម្រៅទឹក ២,៧ម៉ែត្រ មានទំងន់ផ្ទុក ៦៩០តោននិងមានក្រុមនាវិកចំនួន ៥៤នាក់។ នាវាទាំង២ដឹកនាំ បញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការ កងពលធំទី1 បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕