ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុបបានពិភាក្សាលើការពង្រឹងពាណិជ្ជកម្ម ការវិនិយោគ ការបង្កើតកិច្ចសហប្រតិបត្តិការ និងការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដែលធ្វើឡើងក្នុងទម្រង់ដោយផ្ទាល់និងវីដេអូចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
កិច្ចប្រជុំគណៈកម្មាធិការចម្រុះនេះ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងការបរទេស លោក លុយ ដាវីត និងអនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុបលោកស្រី Paola PAMPALONI។
កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពសម្រេចបាន គិតចាប់តាំងពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុបលើកទី១០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ិចសែលក្នុងឆ្នាំ២០១៨ ព្រមទាំងបាន ផ្លាស់ប្តូរទស្សនៈលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងបញ្ហាទ្វេភាគី និងពហុភាគី ក្នុងនោះរួមទាំងការវិវត្ត នយោបាយថ្មីៗទាំងនៅកម្ពុជា និងសហភាពអឺរ៉ុប ស្ថានភាពនៅប្រទេសអ៊ុយក្រែន ស្ថានភាពសេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុប-អាស៊ាន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្នុងជំនួបនេះសហភាពអឺរ៉ុបបានសម្តែងការគាំទ្រចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២ ក៏ដូចជាការតែងតាំង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា ខណៈអឺរ៉ុបបញ្ជាក់ថាខ្លួនក៏បានតែងតាំងលោក Igor Driesmans ជាប្រេសិតពិសេសរបស់ EU សម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ។
អនុក្រមចំនួន ៣ ដែលត្រូវមានភាគីទាំងពីរពិភាក្សានោះគឺ (១) ពាណិជ្ជកម្ម និងការវិនិយោគ (២) កិច្ចសហប្រតិបត្តិការ និង (៣) ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស។
សហភាពអឺរ៉ុបបានគូសបញ្ជាក់អំពីសារសំខាន់យ៉ាងខ្លាំងនៃការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពហុនិយម សិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន សិទ្ធិការងារ និងនីតិរដ្ឋ ដោយបានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់កម្ពុជាជាមួយនឹងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការប្តេជ្ញាចិត្តនិងកាតព្វកិច្ចដែលកម្ពុជាបានទទួលយកស្ថិតក្រោមច្បាប់ និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស។
ភាគីទាំងពីរក៏បានកត់សម្គាល់ពីសារសំខាន់នៃការគាំទ្ររបស់សហភាពអឺរ៉ុបលើការកសាងសមត្ថភាព និងជំនួយហិរញ្ញវត្ថុនៅក្នុងវិស័យកិច្ចសហប្រតិបត្តិការនេះដល់កម្ពុជាផងដែរ។
ចំពោះអនុក្រុមស្តីពីពាណិជ្ជកម្ម និងការវិនិយោគ ភាគីទាំងពីរបានពិនិត្យមើលឡើងវិញទៅលើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរួមទាំងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃការអនុគ្រោះពន្ធពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែសព្វាអាវុធ (EBA) កិច្ចសហប្រតិបត្តិការ បច្ចេកទេស បញ្ហានៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
ភាគីទាំងពីរក៏បាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថាបរិយាកាសវិនិយោគរបស់ កម្ពុជានៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួតប្រជែង និងអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈអំពីការអភិវឌ្ឍ ពាណិជ្ជកម្មតំបន់ និងសកល ដែលក្នុងនោះរួមបញ្ចូលទាំងបច្ចុប្បន្នភាពស្តីពីសមហរណកម្មសេដ្ឋកិច្ចនៅ ក្នុងអាស៊ាន និងនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទំនាក់ទំនងពាណិជ្ជកម្មតំបន់អាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងបច្ចុប្បន្នភាពស្តីពីកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកជាដើម។
ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុងឆ្នាំនីមួយៗ។
ភាគីទាំងពីរក៏បានកត់សម្គាល់ អំពីវឌ្ឍនភាពសម្រេចបានពាក់ព័ន្ធនឹងការបន្តគាំទ្ររបស់សហភាពអឺរ៉ុបដល់ការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងន័យនេះអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការអនុម័តកម្មវិធីសូចនាករពហុឆ្នាំនៃកិច្ចសហប្រតិបត្តិការ របស់សហភាពអឺរ៉ុប (២០២១-២០២៧)ថ្មី ដែលមានតម្លៃ ១៥៥លានអឺរ៉ូ សម្រាប់រយៈពេល ៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ដោយផ្តោតលើវិស័យអាទិភាពចំនួនបីគឺ៖ "កំណើនបៃតង និងការងារសមរម្យ" "ការអប់រំ និងការអភិវឌ្ឍជំនាញ" និង "អភិបាលកិច្ចល្អ ស្របតាមរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងជាមួយនឹងការពង្រឹងការចូលរួមរបស់ក្រុមអឺរ៉ុប (Team Europe) ក្រោមគំនិតផ្តួចផ្តើមរួមរបស់អឺរ៉ុប។
លើសពីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ទៅលើវឌ្ឍនភាពកំណែទម្រង់គោលនយោបាយ ជាពិសេសលើវិស័យទាំងឡាយណាដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប ដូចជា ការអប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការការពារសង្គម និងជលផលជាដើម។ ជាមួយគ្នានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការតាមប្រធានបទ និងតំបន់ ក្នុងនោះរួមទាំងការគាំទ្រសមាហរណកម្មតំបន់អាស៊ានពីសហភាពអឺរ៉ុប (ARISE Plus) ផងដែរ។
សហភាពអឺរ៉ុបបានអបអរសាទរកម្ពុជាចំពោះការអនុម័តយុទ្ធសាស្ត្ររយៈពេល វែងសម្រាប់អព្យាក្រឹត្យភាពកាបូន និងបានសម្តែងនូវការប្ដេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើសកម្មភាពអាកាសធាតុ។
ក្នុងពេលបញ្ចប់នៃកិច្ចប្រជុំភាគីទាំងពីរបានឯកភាពថាកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ និងកិច្ចប្រជុំអនុក្រុមចំនួនបីទៀត នឹងត្រូវរៀបចំឡើងនៅក្នុងឆ្នាំ២០២៣ នៅទីក្រុងប៊ុចសែល ប្រទេសប៊ែលហ្ស៊ិក៕