ភ្នំពេញ៖ ក្រសួងរៀបចំដែនដីឱ្យដឹងថាប្រជាពលរដ្ឋជាង ១ម៉ឺន៥ពាន់គ្រួសាររស់នៅក្នុងខេត្តចំនួន ៦ ជុំវិញបឹងទន្លេសាបស្ម័គ្រចិត្តប្រគល់ដីលិចទឹកដែលខ្លួនកាន់កាប់ដោយខុសច្បាប់ប្រមាណជិត ៧ម៉ឺនហិតាជូនរដ្ឋវិញ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមប្រព័ន្ធនិម្មិតដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្តវិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងលើកទិសដៅការងារបន្ត ជាមួយមន្ត្រីពាក់ព័ន្ធជាពិសេសមន្ត្រីនៅក្នុងខេត្តទាំង ៦នៅជុំវិញបឹងទន្លេសាបរួមមានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ បន្ទាយមានជ័យ និងសៀមរាប។
កិច្ចប្រជុំបានលើកឡើងអំពីលទ្ធផលនៃការអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដែលលទ្ធផលសម្រេចសម្រាប់ខេត្តទាំង ៦ជុំវិញបឹងទន្លេសាបគឺប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ១៥ ០០២គ្រួសារ ស្មើ ៦៣ ១៩០,៨០ហិកតា និងធ្វើការវាស់វែងជាក់ស្តែងបានចំនួន ៨ ៨៦០គ្រួសារ ស្មើ ១០ ៨៣៧ក្បាលដី និងមានទំហំ ៨៧ ០៤២,៤៥ហិកតា។
ក្រៅពីនោះ អាជ្ញាធរបានកប់គ្រាប់ត្នោតបានចំនួន ៣៤៣ ៤០០គ្រាប់ ដើមត្នោត ១៣៩ដើម ដើមច្រកែង ២០០ដើម ដើមរាំង ១៩ ០១៣ដើម ដើមប្ញស្សី ១៣ ៧០៩ដើម ដើមផ្ទាល ២០០ដើម ដើមរំដេញ ៦ ៩៣៤ដើម ដើមសណ្តាន់ ៣៤៨៥ដើម ដើមត្រស់ ៧៦៤ដើម ដើមអញ្ចាញ ១៥៦ដើម ដើមផ្តាំ ៦៥០ដើម ដើមថ្លើមអណ្ដើក ៣៥៦ដើម ដើមបបួយ ១៥០ដើម ដើមខ្នាយមាន់ ៣៥០ដើម ដើមកន្សែង ២០០ដើម និងដើមផ្សេងៗ ៩ ៥០០ដើមលើដីដែលបានដកហូតទាំងនោះផងដែរ។
ជាមួយគ្នានេះ នៅមានការងារបោះបង្គោលកំណត់ព្រំតំបន់៣ថ្មី និងកែសម្រួលបង្គោលចាស់សរុបបានចំនួន ៦៦១បង្គោល ស្មើ៨២,៤២% នៅខ្វះចំនួន ១៤១បង្គោលត្រូវបោះបន្ត ក្នុងនោះខេត្តបាត់ដំបង ចំនួន ៣បង្គោល និងខេត្តសៀមរាប ចំនួន ១៣៨បង្គោល។ ការលើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ៦៣ផ្ទាំង គ្រប់តាមផែនការ ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣៤នាក់ ក្នុងនោះ ៥នាក់បានដោះលែងវិញ នៅសល់ ២៩នាក់។
ទន្ទឹមគ្នានេះ កិច្ចប្រជុំបានដាក់ចេញទិសដៅការងារបន្តមួយចំនួន ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ត្រូវបន្តអនុវត្តបទបញ្ជារបស់សម្តេចតេជោ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងពង្រឹងការចុះល្បាត ទប់ស្កាត់ការចូលទន្ទ្រាន និងផ្សព្វផ្សាយអំពីវិធានការបង្ក្រាបការទន្ទ្រានដីក្នុងតំបន់៣ ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចូលទន្ទ្រានប្រគល់ដីជួនរដ្ឋវិញ។
រដ្ឋបាលខេត្តនីមួយៗ ត្រូវជំរុញការចុះបញ្ជីដីរដ្ឋ ត្រូវថែទាំបង្គោលដែលបានបោះរួច និងជំរុញការបោះបង្គោលដែលនៅខ្វះ ត្រូវថែទាំដើមឈើ និងគ្រាប់ត្នោតដែលបានដាំកន្លងមក និងបន្តដាំដើមឈើដែលស៊ាំជាមួយភូមិសាស្ត្រ។
ជាពិសេសរដ្ឋបាលខេត្ត ត្រូវបន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទីកនៃតំបន់ទន្លេសាប និងត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងដែលបានចូលរួម ប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទីកនៃតំបន់ទន្លេសាប៕