ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសពីការចាប់ឆ្នោតបែងចែកពូលនៃពានរង្វាន់ថ្មី CNCC League Cup ២០២១ ក្នុងគោលបំណងជំរុញឱ្យក្លិបបាល់ទាត់នីមួយៗនៅតែមានសកម្មភាពប្រកួត និងមមាញឹកក្នុងអំឡុងការសម្រាក FIFA Day។ ក្នុងនោះការប្រកួតត្រូវបានចូលរួមពីក្រុមចំនួន ៨ និងបែងចែកជា ២ពូលរួមមាន៖ ពូល A ក្លិបភ្នំពេញក្រោន ក្លិបបឹងកេត ក្លិបវិសាខា និង អាយអេសអាយដង្កោសែនជ័យ ខណៈពូល B វិញរួមមាន ក្លិបកងយោធពលខេមរភូមិន្ទ ក្លិបព្រះខ័នរាជស្វាយរៀង ក្លិបបាល់ទាត់ព្រៃវែង និងសាលាបាល់ទាត់ជាតិបាទី។
ចំពោះប្រព័ន្ធប្រកួតនៃពានរង្វាន់ CNCC League Cup ២០២១ By Forward នេះមានដូចខាងក្រោម៖
ប្រព័ន្ធប្រកួតត្រូវបានបែងចែកជាពីរ(០២)ពូល គឺ៖ ពូល A និង B ដែលប្រកួតសរុប ១៥ប្រកួត។
- ការប្រកួតទាំងអស់នឹងមិនមានការគិតគ្រាប់បាល់ (ទ្វេរដង Away Goal) ចូលទីនៅទឹកដីក្រៅផ្ទះនោះទេ។
- ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៃពូល A និង B មានសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
- ការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
- ការចាប់ឆ្នោតបែងចែកពូលរៀបចំដោយ គណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។
- កីឡាករអាចប្តូរបានចំនួន ០៥នាក់ ក្នុងរយៈពេលបីដង ដោយមិនរាប់បញ្ចូលការប្តូរពេលសម្រាកចន្លោះវគ្គ កីឡាករប្តូរចេញហើយ មិនអាចចូលលេងវិញបានទេ បើសិនមានកីឡាករតិចជាង ០៧នាក់ (ចាត់ទុកថាបានបោះបង់ការប្រកួតចោល)។
- ការប្រកួតនីមួយៗមានរយៈពេលកៅសិប (៩០) នាទី និងមានពីរ (២) វគ្គ ហើយមានរយៈពេលសែសិបប្រាំ (៤៥) នាទី (រយៈពេលលេងធម្មតា) ក្នុង១វគ្គ។ ការប្រកួតត្រូវចាប់ផ្តើមតាមម៉ោងដែលបានកំណត់នៅក្នុងកាលវិភាគប្រកួត និង រយៈពេលសម្រាកគឺ ដប់ប្រាំ (១៥) នាទី នៅចន្លោះតង់ ដែលចាប់ផ្តើមពីការផ្លុំកញ្ចែបញ្ចប់តង់ទីមួយ និងនៅពេលផ្លុំកញ្ចែចាប់ផ្តើមប្រកួតតង់ទីពីរ។
- ក្នុង១ក្រុមអាចចុះឈ្មោះមន្រ្តីបាន១០នាក់ និងកីឡាករយ៉ាងតិច១៨នាក់ ទៅ ៤០នាក់ ចំពោះកីឡាករចាប់ពីអាយុ ១៦ឆ្នាំឡើងទៅ។
* ការកំណត់ចំណាត់ថ្នាក់ នៅពេលបញ្ចប់ការប្រកួតនីមួយៗ៖
១. ពិន្ទុបី (៣) នឹងត្រូវផ្តល់ជូនក្រុមឈ្នះ។
២. ពិន្ទុមួយ (១) នឹងត្រូវផ្តល់ជូនក្រុមចូលរួមនីមួយៗដែលទទួលលទ្ធផលស្មើគ្នា។
៣. ពិន្ទុសូន្យ (០) នឹងត្រូវផ្តល់ជូនក្រុមចាញ់។
១.៤. ប្រសិនបើមានក្រុមពីរ ឬ លើសនេះ មានពិន្ទុស្មើគ្នា នោះការគិតចំណាត់ថ្នាក់នឹងអនុវត្តតាមលំដាប់ដូចខាងក្រោម៖
១.៤.១. ពិន្ទុសរុបក្រុម (លទ្ធផល) ដែលពាក់ព័ន្ធ (ក្រុមប្រឈម)។
១.៤.២. ផលសងគ្រាប់បាល់សរុបរវាងក្រុមដែលពាក់ព័ន្ធ (ក្រុមប្រឈម)។
១.៤.៣. គ្រាប់បាល់ទាត់ចូលទីគេសរុបរវាងក្រុមដែលពាក់ព័ន្ធ (ក្រុមប្រឈម)។
១.៤.៥. ផលសងគ្រាប់បាល់សរុប។
១.៤.៦. គ្រាប់បាល់ទាត់ចូលទីគេសរុប។
១.៤.៧. ទាត់បាល់ ១១ម៉ែត្រ បើពាក់ព័ន្ធតែពីរក្រុម ហើយក្រុមទាំងពីរកំពុងលេងនៅលើទីលាន។
១.៤.៨..ក្រុមមានចំណាត់ថ្នាក់ Fair Play ល្អជាងគេ។ ពិន្ទុតិចជាងគេ ដែលបានដោយការបូកសរុបកាតលឿងនិងកាតក្រហមពីការប្រកួតទាំងអស់របស់ក្រុម៕
ប្រភព៖ Ma Pheara រូបភាព៖ CNCC