អាជ្ញាធរជាតិអប្សរាគ្រោងចាត់មន្ត្រីចុះបង្រៀនដល់អាជីវករតុបតែងសម្លៀកបំពាក់ខ្មែរបុរាណឱ្យត្រូវតាមទម្រង់ខ្មែរ
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានស្នើឱ្យក្រុមអ្នកប្រកបអាជីរករនៅខាងមុខប្រាសាទអង្គរបញ្ឈប់ការតុបតែងសំលៀកបំពាក់របៀបប្រពៃណីខ្មែរឱ្យភ្ញៀវទេសចរចូលទៅទស្សនាអង្គរ បន្ទាប់ពីអ្នកជំនាញរកឃើញថារបៀបតុបតែងសម្លៀកបំពាក់ខ្លះ ធ្វើឡើងមិនទាន់បានត្រឹមត្រូវទៅតាមក្បួនខ្នាតដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីរបស់ខ្មែរ។
យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល បានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនដែលភាគច្រើនរស់នៅតំបន់អង្គរបានបង្កើតប្រកបមុខរបរតែងសម្លៀកបំពាក់បែបខ្មែរបុរាណឲ្យភ្ញៀវទេសចរចូលទៅទស្សនាអង្គរដើម្បីបានកម្រៃពីសេវាកម្មនេះ។ ក៏ប៉ុន្តែមួយរយ:កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានពិនិត្យឃើញថាការតុបតែងសម្លៀកបំពាក់តាមខ្មែរបុរាណនោះនៅមិនទាន់ត្រឹមត្រូវទៅតាមក្បួនខ្នាតប្រពៃណីរបស់ខ្មែរបុរាណនៅឡើយនោះទេ។
លោកបន្ដថា៖ «កន្លងមកអាជ្ញាធរជាតិអប្សរា ក៏ធ្លាប់បានណែនាំដល់អ្នកដែលប្រកបអាជីវកម្មតែងសម្លៀកបំពាក់ខ្មែរបុរាណទាំងនោះ ឱ្យស្វែងយល់អំពីក្បួនខ្នាតនៃសម្លៀកបំពាក់ខ្មែរ និងសម័យកាលឱ្យបានច្បាស់លាស់មុននឹងយកមកស្លៀកពាក់ឱ្យភ្ញៀវ ដែលនាំឱ្យមានការភាន់ច្រឡំផងដែរ»។
លោក ឡុង កុសល បានឲ្យដឹងទៀតថា ក្រសួងវប្បធម៌ និង វិចិត្រសិល្ប: ក៏នឹងមានគំរោងចាត់ឱ្យមន្ត្រីជំនាញជួយណែនាំ និងបង្ហាត់បង្រៀនដល់អាជីវករដែលប្រកបរបរតុបតែងសម្លៀកបំពាក់ខ្មែរបុរាណទាំងនោះ ឱ្យបានស្គាល់ពីក្បួនខ្នាតនិងវប្បធម៌ នៃសម្លៀកបំពាក់ខ្មែរពិតប្រាកដ ដើម្បីឱ្យប្រកបមុខរបរបានកម្រៃ និងជាផ្នែកមួយជួយលើកស្ទួយដល់វប្បធម៌ប្រពៃណីខ្មែរ។
លោកបន្តថា អាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចង់ឃើញការតុបតែងសម្លៀកបំពាក់ខ្មែរបុរាណឱ្យភ្ញៀវទេសចរណ៍ចូលមកប្រាសាទអង្គរ បានធ្វើឡើងត្រឹមត្រូវទៅតាមទំនៀមទំលាប់ក្បួនខ្នាត និងប្រពៃណីរបស់ខ្មែរពីសម័យបុព្វកាលយ៉ាងពិតប្រាកដ៕