បាត់ដំបង៖ ពលករខ្មែរជាង១០០នាក់បន្ថែមទៀតត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនប្រគល់មកអោយកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។
សមត្ថកិច្ចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានអោយដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា ពលករដែលថៃបញ្ជូនមកវិញនោះមានចំនួន១៤៧នាក់ ស្រីចំនួន ៥៧នាក់ និងក្មេងចំនួន ៣នាក់។ ពួកគេត្រូវបានសមត្ថកិច្ចកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យទៅទទួលត្រឡប់មកស្រុកវិញ ដើម្បីស្រង់របាយការណ៍និងធ្វើសំណាករកជំងឺកូវីដ-១៩។
ជាលទ្ធផលរកឃើញមនុស្ស ៣នាក់វិជ្ជមានកូវីដ-១៩ (ស្រី១នាក់ និងកុមារ១នាក់)។
ដោយឡែកពលករចំនួន ២៤នាក់ ស្រី ៩នាក់ និងក្មេង ៥នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ហើយចំពោះពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ១២០នាក់ ស្រី ៤៧នាក់ ក្មេង ២៤នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ ៥ឆ្នាំ ដល់១៨ឆ្នាំ ចំនួន ១៦នាក់ ស្រី ១០នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕