ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើដល់ប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ខណៈចំនួនករណីអ្នកស្លាប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានកើនឡើងបើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កើតឡើងទូទាំងប្រទេសចំនួន ២៥៦លើកបណ្ដាលឱ្យមានអ្នកស្លាប់ ១៤៣នាក់ និងរបួស៣៤៩នាក់ បើធៀបនឹងខែមករាគឺមានការថយចុះករណីគ្រោះថ្នាក់ តែកើនឡើងចំនួនអ្នកស្លាប់។ មន្ត្រីជំនាញបានកត់សម្គាល់ឃើញថាក្នុងចំណោមការប្រឈមនៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ បញ្ហាធំជាងគេគឺ ការមិនគោរពច្បាប់ ដូចជាការបើកបរធ្វេសប្រហែស ការបើកបរលឿន ការបើកបរមិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ការបើកបរជែង បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន និងបើកបរពេលស្រវឹងជាដើម។
សម្ដេចក្រឡាហោម ស្នើឲ្យមានការចូលរួមគោរពនិងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យដើម្បីការពារសេចក្ដីសុខផ្ទាល់ខ្លួនអ្នកដទៃ និងរួមចំណែកកាត់បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋ។
ក្រៅពីនេះ មន្ត្រីមានសមត្ថកិច្ចចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់។ ចំណែកស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការរៀបចំឱ្យមានគំនូសសញ្ញា ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗឱ្យបានគ្រប់គ្រាន់តាមដងផ្លូវ ដើម្បីក្រើនរំលឹក និងពញ្ញាក់អារម្មណ៍អ្នកបើកបរឱ្យគោរពច្បាប់ និងមានការប្រុងប្រយ័ត្ន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីការពារសេចក្ដីសុខសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ៕