ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានប្រាប់អ្នកយកព័ត៌មានថាកិច្ចប្រជុំពិសេសអាស៊ានអាមេរិកត្រូវបានលើកពេលទៅក្រោយវិញដោយមិនទាន់កំណត់ថ្ងៃខែណាជាក់លាក់នៅឡើយទេ។
លោក ជុំ សន្ទរី បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា ការលើកពេលនេះគឺដោយសារតែមេដឹកនាំអាស៊ានមួយចំនួនមានការរវល់រៀងខ្លួននៅថ្ងៃដែលគ្រោងនឹងប្រជុំនៅចុងខែមីនានេះ។
លោកបានឲ្យដឹងថា៖ «គួរអោយសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើងគឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាងអាស៊ាននិងសហរដ្ឋអាមេរិកបានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង»។
លោកបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ៕