ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្ស និងប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៦ទៀត បានចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
អនុប្រធានគណៈកម្មាធិការគឺលោក ជិន ម៉ាលីន ត្រូវបានប្រធានធ្វើជាតំណាងប្រធានគណៈកម្មការការពាររបាយការណ៍នេះ ក្នុងសម័យប្រជុំលើកទី១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកម្ពុជាបានដាក់របាយការណ៍ជាតិលើកទី៥ កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅ។ ការការពាររបាយការណ៍នេះធ្វើឡើងក្នុងទម្រង់ Hybrid ដែលមានការចូលរួមពីចំងាយ និងចូលរួមផ្ទាល់។
ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី៤ ខែមីនា ឆ្នា២០២២នេះ គណៈកម្មាធិការសិទ្ធិមនុស្សបានបញ្ជាក់ថា៖ «ការការពាររបាយការណ៍ជាតិរបស់កម្ពុជានឹងប្រព្រឹត្តទៅនៅក្នុងទម្រង់ Hybrid ដោយគណៈប្រតិភូកម្ពុជាចូលរួមតាមប្រព័ន្ធវីដេអូ និងតម្រូវឱ្យឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ មានវត្តមាននៅក្នុងសាលប្រជុំជាមួយសមាជិករបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ»។
បើតាមគណៈកម្មាធិការសិទ្ធិមនុស្ស ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងនៅរៀងរាល់ ៤ឆ្នាំម្ដង សម្រាប់តាមដាននិងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសទាំងអស់ដែលជាសមាជិកអង្គការសហប្រជាជាតិ៕