អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសារទរចំពោះទណ្ឌកម្មថ្មីពីលោកខាងលិចលើប្រទេសរុស្ស៊ី ដែលជាជំហានក្នុងការផ្ដាច់សេដ្ឋកិច្ចប្រទេសនេះកុំឱ្យបន្តសង្គ្រាមនៅអ៊ុយក្រែនតទៅទៀត។
សហរដ្ឋអាមេរិកផ្អាកលើការនាំចូលប្រេងរបស់រុស្ស៊ី ជាដាក់ទណ្ឌកម្មបន្ថែមចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលក្រុមហ៊ុនល្បីៗជាច្រើនទៀតមានដូចជា McDonald's និង Starbucks បានបិទហាងនានានៅក្នុងប្រទេសរុស្ស៊ី។ ប្រទេសអង់គ្លេសក៏កំពុងមានវិធានការនេះដូចគ្នា។
ថ្លែងក្នុងវីដេអូប្រមាណ ៧នាទី នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ លោក Zelenskyy បានថ្លែងថា ទណ្ឌកម្មចុងក្រោយនេះគឺជាការបង្ហាញនូវសញ្ញាខ្លាំងៗថា លុយដែលរុស្ស៊ីបានមកសម្រាប់ផលិតអាវុធនឹងកាន់តែខើចទៅសម្រាប់ធ្វើសង្គ្រាមតទៅទៀត។
លោកថ្លែងថា៖ «ការឈប់នាំចូលប្រេងរុស្ស៊ីចូលអាមេរិកនឹងធ្វើឱ្យសេដ្ឋកិច្ចរដ្ឋភេរវកម្មចុះខ្សោយ រួមទាំងនយោបាយ និងនោគមន៍វិជ្ជារបស់គេផងដែរ។ ពីព្រោះនេះគឺដើម្បីសេរីភាព អនាគតដែលពិភពលោកត្រូវដើរ»។
ថ្លែងហាក់បីដូចជាសង្គ្រាមនឹងត្រូវបញ្ចប់លោក Zelenskyy ថាក្រោយពីចប់សង្គ្រាមសម្ព័ន្ធមិត្តនឹងបើកផែនការ Marshall ជាលើកទី២ដើម្បីជួយអ៊ុយក្រែនក្នុងការកសាងប្រទេសឡើងវិញ។
លោកថា៖ «ពួកគេនិយាយអំពីយើង ពួកគេជួយយើង។ ពួកគេបានរៀបចំដើម្បីគាំទ្រការកសាងឡើងវិញរបស់យើងបន្ទាប់ពីសង្គ្រាម។ ព្រោះមនុស្សគ្រប់គ្នាបានឃើញថា មនុស្សដែលការពារខ្លួនគឺជាវីរបុរស។ អញ្ចឹងបន្ទាប់ពីសង្គ្រាមជំនួយទាំងអស់នេះនឹងត្រូវមកដល់។ វានឹងមានផែនការម៉ាសាល់ថ្មីសម្រាប់អ៊ុយក្រែន»។
ប្រទេសរុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែនចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្នុងប្រតិបត្តិការមួយដើម្បីរំសាយអាវុធនៅអ៊ុយក្រែន និងប្រឆាំងក្រុមនិយមណាស៊ីក្នុងប្រទេសនេះ។ សម្ព័ន្ធមិត្តអ៊ុយក្រែន និងលោកខាងលិចចាត់ទុកការលុកលុយរបស់រុស្ស៊ីថា ជាលេសគ្មានមូលដ្ឋាន ដែលបានបង្កើនការភ័យខ្លាចនៃជម្លោះកាន់នៅអឺរ៉ុប និងបានចាត់វិធានការទណ្ឌកម្មជាបន្តបន្ទាប់។
គិតត្រឹមថ្ងៃច័ន្ទ អង្គការសហប្រជាជាតិបានកត់ត្រាការស្លាប់ជនស៊ីវិលក្នុងសង្គ្រាមលុកលុយរុស្ស៊ីលើអ៊ុយក្រែនមានចំនួន ៤០៦នាក់និងរបួស ៨០១នាក់។
ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថាកុមារចំនួន ៥០នាក់បានស្លាប់ក្នុងសង្គ្រាមរយៈពេល១៣ថ្ងៃ។ លោកថាលោកនឹងមិនលើកលែងទោសដល់អ្នកឈ្លានពានដែលបង្កបញ្ហាទាំងនេះនោះទេ។
លោកថា៖ «ខ្ញុំនឹងមិនលើកលែងទោសនេះនោះទេ។ ហើយខ្ញុំដឹងថាអ្នកនឹងមិនលើកលែងទោសដល់ជនឈ្លានពានដូចគ្នា»៕