ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកការដ្ឋានស្ថាបនានិងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុនិងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលគ្រោងនឹងបញ្ចប់ការស្ថាបនានៅក្នុងខែធ្នូ ឆ្នាំ២០២៦។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឲ្យដឹងថា តាមរយៈជំនួយសម្បទានពីធនាគារពិភពលោក ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ ។
ក្នុងសេចក្ដីជូនដំណឹងបន្តថា ក្រសួងបានចាប់ផ្ដើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលប្រភេទកាងារបីប្រភេទគឺ ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង៧ម៉ែត្រទៅទទឹងចាក់កៅស៊ូ ការងារពង្រីកស្ពានបេតុង និងលូ ចំនួន៤៦ទីតាំង និង ស្ថាបនាស្ពានថ្មីចំនួន៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ៤។
ក្រសួងសាធារណការបានស្នើប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅ តាមបណ្ដោយផ្លូវជាតិលេខ៤ទាំងអស់ ឱ្យមានការអធ្យាស្រ័យដល់បណ្ដាការរំខាន ដែលបង្កដោយការងារស្ថាបនា ស្ពានថ្នល់ និងចូលរួមអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍ដែលរៀបចំ នៅតាមការដ្ឋាននីមួយៗដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ រហូតដល់ទទួលបានជោគជ័យនៅក្នុងការស្ថាបនា៕