កំពង់ឆ្នាំង៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ពាក្យ «សង្គ្រាម» មិនដែលធ្វើឱ្យប្រទេសណាមួយរីកចំរើននោះទេ ទោះបីជាប្រទេសនោះធំក្ដី មានតែការនិរាសព្រាត់ប្រាស់ បាត់បង់អាយុជីវិត និងការបំផ្លិចបំផ្លាញ។ លោកជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ជាពិសេសកងទ័ពត្រូវដាក់ប្រយោជន៍ជាតិជាធំ និងដាច់ខាតត្រូវការពារជាតិសាសន៍ ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលឱ្យខានតែបានដើម្បីរក្សានូវសន្ដិភាពដែលបានមកដោយលំបាកនេះ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២១ ផ្សព្វផ្សាយផែនការ ឆ្នាំ២០២២ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពល តូចអន្តរាគមន៍លេខ១ នៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម ការព្រាត់ប្រាស់ ការបំផ្លិចបំផ្លាញឆ្អែតឆ្អន់ហើយទំរាំស្វែងរកសន្ដិភាពបានដូចពេលបច្ចុប្បន្ននេះ ខណៈមានក្រុមជ្រុលនិយមកំពុងចង់ទាញឱ្យកម្ពុជាធ្លាក់ក្នុងវិបត្តិនេះម្ដងទៀត ដូច្នេះហើយការចូលរួមរបស់កងកម្លាំងគឺពិតជាសំខាន់។
លោកថា៖ «សូមកងកម្លាំងប្រដាប់អាវុធជាតិយើងនិយាយជារួម និងនិយាយដោយឡែក កងយោធពលខេមរភូមិន្ទ សូមបន្តរក្សានូវភាពស្មោះត្រង់ និងពង្រឹងភាពដាច់ខាតនៅក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីធានាបាននូវនិរន្តរភាព នៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ដូចដែលយើងកំពុងមានសព្វថៃ្ង ខណៈដែលក្រុមជ្រុលនិយមមួយចំនួននៅតែបន្តអុចអាល ញុះញង់ និងចិញ្ចឹម ចិត្តប៉ុនប៉ងបង្កអសន្តិសុខ ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីបម្រើនូវមហិច្ឆិតាស្រេកឃ្លានរបស់ពួកគេ ដោយមិនគិតអំពីប្រយោជន៍ជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ»។
ក្នុងឱកាសនោះលោកក៏បានគាំទ្រនិងជំរុញឱ្យយោធិនទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបំពេញតួនាទី និងភារកិច្ចក្នុងនាមជាកងយោធខេមរភូមិដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធផលកាន់ តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិ។
កម្ពុជាធ្លាប់ជាប្រទេសដែលញាំញីដោយសង្គ្រាមអស់ជិត៣ទស្សវត្សពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៩។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់នូវចលនាចុងក្រោយរបស់ខ្មែរក្រហមនៅឆ្នាំ១៩៩៦។ គោលនយោបាយនេះបានទទួលជោគជ័យទាំងស្រុងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបង្កើតឱ្យមានការរួបរួមគ្នានៃជនជាតិខ្មែរឡើងវិញបន្ទាប់ពីបែកបាក់ជាតិអស់ជាង៥០០ឆ្នាំ៕