អេស្ប៉ាញ៖ ក្រសួងដឹកជញ្ជូនប្រទេសអេស្ប៉ាញបាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា ប្រទេសអេស្ប៉ាញនឹងអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលចតនៅក្នុងកំពង់ផែរបស់ខ្លួន ចាប់ពីថ្ងៃទី ០៧ ខែមិថុនាខាងមុខនេះ ដោយសង្ឃឹមថាសកម្មភាពនេះនឹងជួយស្តារវិស័យទេសចរណ៍របស់ប្រទេស ដែលត្រូវបានវាយប្រហារដោយវិបត្តិកូវីដ-១៩ ហើយក្នុងអំឡុងពេលរដូវក្តៅនេះនឹងក្លាយជាពេលវេលាសមស្របបំផុតមួយ។
អាជ្ញាធរដែនសមុទ្ររបស់អេស្ប៉ាញបានបន្ថែមទៀតថា ចំពោះការអនុញ្ញាតនេះគឺដោយសារតែអត្រានៃការឆ្លងថ្មីមានការធ្លាក់ចុះ ស្របពេលដែលអ្នកទទួលវ៉ាក់សាំងក៏មានចំនួនកើនឡើងផងដែរ។
ប្រទេសអេស្ប៉ាញបានហាមឃាត់ការចូលចតក្នុងកំពង់ផែរបស់ខ្លួនតាំងពីខែមិថុនា ឆ្នាំ ២០២០ មកម្ល៉េះនៅពេលដែលការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ បានវាយប្រហារពាសពេញទ្វីបអឺរ៉ុប ខណៈករណីឆ្លងខ្លះត្រូវបាននាំចូលតាមរយៈនាវាទេសចរណ៍នេះតែម្តង។ គួរឱ្យដឹងផងដែរថា មុនពេលមានការរាតត្បាតជាសកលដោយសារវិបត្តិកូវីដនេះ អេស្ប៉ាញជាប្រទេសលំដាប់ទី២នៅអឺរ៉ុបដែលជាគោលដៅចូលចតនៃនាវាទេសចរណ៍ខ្នាតអន្តរជាតិ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានប្រកាសថា ប្រទេសនេះនឹងទទួលអ្នកទេសចរណ៍ និងមនុស្សមកពីគ្រប់ទិសទីឱ្យចូលមកកាន់់ប្រទេសអេស្ប៉ាញចាប់ពីថ្ងៃទី ០៧ ខែមិថុនានេះ ប៉ុន្តែតម្រូវឱ្យមនុស្សទាំងនោះមានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់ជាមុនសិន៕