ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២៦៣ ៧៦០ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយដើម្បីប្រើប្រាស់នៅក្នុងការដំឡើងបរិក្ខារពេទ្យនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៧ ខែមីនានេះ ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយដើម្បីអនុវត្តគម្រោងមួយនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានឱ្យដឹងថា ជំនួយឥតសំណងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ដំឡើងបរិក្ខារពេទ្យចំនួន ១៧ប្រភេទ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។
បរិក្ខារពេទ្យទាំងនោះ នឹងត្រូវបានដំឡើងដើម្បីកែលម្អសមត្ថភាពរបស់មន្ទីរពេទ្យក្នុងការផ្តល់ការព្យាបាលវេជ្ជសាស្រ្តដែលមានភាពប្រសើរជាងមុនដល់អ្នកជំងឺ។ បន្ទាប់ពីអនុវត្តគម្រោងនេះ ជប៉ុនរំពឹងថាអ្នកជំងឺនឹងអាចទទួលបានការព្យាបាលដែលទំនើបជាងមុននៅមន្ទីរពេទ្យ ហើយករណីបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងដែលនៅឆ្ងាយនឹងមានចំនួនតិចជាងមុន។
សូមបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ជាង៦៥លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន ៦៦៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕