ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃចន្ទថា កាកបាទក្រហមរបស់ប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើបាន ខណៈដែលលោកបានសរសើរមិត្តភាពរបស់ប្រទេសលោកជាមួយរុស្ស៊ីថាមានភាពរឹងមាំ។
ប្រទេសចិនបានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ឬហៅវាថាជាការឈ្លានពាន ដោយបានស្នើឱ្យប្រទេសលោកខាងលិចគោរពពី «កង្វល់សន្តិសុខស្របច្បាប់» របស់រុស្ស៊ី។ លោក Wang បាននិយាយថា ស្ថានភាពអ៊ុយក្រែន គឺស្មុគស្មាញ។
លោកបានប្រាប់សន្និសីទសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាចិនថា៖ «ការដោះស្រាយបញ្ហាស្មុគស្មាញទាមទារភាពស្ងប់ស្ងាត់ និងសមហេតុផល ជាជាងការបន្ថែមប្រេងទៅក្នុងភ្លើង»។
លោកបានបន្ថែមថា ប្រទេសចិនបានធ្វើការងារមួយចំនួនរួចហើយ ដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព និងបានទាក់ទងជាមួយគ្រប់ភាគីទាំងអស់។
លោកថា៖ «ចិនមានឆន្ទៈបន្តដើរតួនាទីស្ថាបនាក្នុងការជំរុញឱ្យមានសន្តិភាព និងការលើកកម្ពស់កិច្ចចរចា ហើយមានឆន្ទៈក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីអនុវត្តការសម្របសម្រួលចាំបាច់នៅពេលចាំបាច់»។
លោក Wang បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ ហើយកាកបាទក្រហមរបស់ប្រទេសចិននឹង «ឱ្យបានឆាប់តាមដែលអាចធ្វើបាន» ផ្តល់ជំនួយដល់អ៊ុយក្រែន។ នេះជាលើកទីមួយហើយដែល ប្រទេសនេះប្រកាសជំនួយបែបនេះ។
លោកបានបន្ថែមថា ប្រទេសចិនស្នើថា «សកម្មភាពមនុស្សធម៌» ត្រូវតែគោរពតាមគោលការណ៍អព្យាក្រឹតភាព និងភាពមិនលំអៀង ហើយបញ្ហាមនុស្សធម៌មិនគួរធ្វើឡើងក្រោមរូបភាពនយោបាយទេ។
គួររំលឹកដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប៉ុន្មានម៉ោងមុនពេលចាប់ផ្តើមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្នុងទីក្រុងប៉េកាំងកាលពីខែមុន ហើយពួកគេបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
លោក Wang បាននិយាយថា មិត្តភាពរវាងចិននិងរុស្ស៊ីគឺមានភាព «រឹងមាំ» ហើយទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការមានភាពភ្លឺស្វាង។
លោកបានបញ្ជាក់ច្បាស់ៗថា មិនថាស្ថានការណ៍អន្តរជាតិអាក្រក់យ៉ាងណានោះទេ ទាំងចិននិងរុស្ស៊ីនឹងរក្សាការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ពួកគេ ហើយបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃការសម្របសម្រួលក្នុងយុគសម័យថ្មី៕