អ៊ីតាលី៖ ក្រោយលីគកំពូលអ៉ីតាលីរដូវកាល ២០២០/២១ បានបញ្ចប់ទៅជាមួយការគ្រងជើងឯកយ៉ាងគួរឱ្យភ្ញាក់ផ្អើលដោយក្លិបបាល់ទាត់ Inter Milan ក្រោយមកក្លិបមួយនេះក៏បានប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក Antonio Conte ដោយសារបញ្ហាមិនស្របគ្នាមួយចំនួន ខណៈក្លិបផ្សេងៗក៏កំពុងធ្វើការផ្លាស់ប្តូរសមាសភាពក្បាលម៉ាស៊ីនដឹកនាំក្រុមយ៉ាងមមាញឹកផងដែរ។ ថ្ងៃនេះ គេហទំព័រ E-Arts នឹងធ្វើការលើកឡើងនូវការផ្លាស់ប្តូរគ្រូបង្វឹក និងចចាមអារ៉ាមនៃអ្នកមកជំនួសកៅអីដឹកនាំក្រុមនៅក្នុងក្លិបកំពូលៗនៃក្របខណ្ឌ Serie A ដូចតទៅ៖
១. Inter Milan៖ លោក Antonio Conte ចាកចេញ និងត្រៀមជំនួសវិញដោយអតីតអ្នកចាត់ការក្លិប Lazio លោក Simone Inzaghi (មិនទាន់ផ្លូវការ)។
២. ក្លិបសេះបង្កង់ Juventus៖ ដឹកនាំបានតែមួយរដូវកាលប៉ុណ្ណោះ លោក Andrea Pirlo ត្រូវបានក្លិបប្រកាសចែកផ្លូវ និងជំនួសមកវិញដោយអតីតគ្រូបង្វឹក Massimiliano Allegri (ផ្លូវការ)។
៣. ក្លិប Napoli ៖ ក្រោយខកចិត្តនៅសប្តាហ៍ចុងក្រោយ និងបាត់បង់កៅអី Champions League ក្លិប Napoli បានបញ្ចប់តំណែងរបស់លោក Gennaro Gattuso ជំនួសវិញដោយអតីតអ្នកចាត់ការក្លិប Inter Milan , Luciano Spalletti
៤. ក្លិប Lazio៖ អតីតម្ចាស់ជើងឯកពាន Coppa Italia ២០១៨-២០១៩ នេះ បានប្រកាសចែកផ្លូវគ្នាជាមួយលោក Simone Inzaghi ទៅហើយ ខណៈដែលបេក្ខភាពថ្មីមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។
៥. AS Roma៖ ក្លិប AS Roma ដែលមិនមានកៅអីប្រកួតប្រជែងពានអឺរ៉ុនរដូវកាលក្រោយនោះ បានប្រកាសនាំចូលអតីតអ្នកចាត់ការក្លិប Spurs លោក Jose Mourinho ក្រោយប្រកាសចែកផ្លូវគ្នាជាមួយលោក Paulo Fonseca។
ក្រៅពីនោះក៏មានក្លិបជាច្រើនបានបញ្ចប់ និងបណ្តេញអ្នកចាត់ការក្លិបរបស់ខ្លួនផងដែរដូចជា ក្លិប Sassuolo ចែកផ្លូវជាមួយអ្នកចាត់ការ Roberto De Zerbi, ក្លិប Sampdoria បញ្ចប់កិច្ចសន្យាជាមួយលោក Claudio Ranieri, Verona ចែកផ្លូវជាមួយអ្នកចាត់ការ Ivan Jurić និងក្លិប Fiorentina ចែកផ្លូវជាមួយលោក Giuseppe Iachini និងតែងតាំងលោក Gennaro Gattuso ជំនួសវិញជាដើម៕