ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មន្ទីរពេទ្យកណ្ដាលបម្រើសេវាកម្មដល់តំបន់ឦសាន្តត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំដែលមានតម្លៃជាង ៥០លានដុល្លារជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានដាក់ឱ្យប្រើប្រាស់ផ្លូវការនាថ្ងៃនេះ បន្ទាប់ពីចំណាយពេលសាងសង់ជាង៣២ខែ។ មន្ទីរពេទ្យនេះជាមន្ទីរពេទ្យទូទៅទំនើបមួយដែលមានទំហំធំ និងមានបច្ចេកវិជ្ជសាស្ត្រខ្ពស់បំផុតនៅក្នុងខេត្តត្បូងឃ្មុំ មានទីតាំងក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រូវធ្វើឡើងដើម្បីបង្កើតជាពេទ្យកណ្ដាលសម្រាប់បម្រើសេវាកម្មដល់តំបន់ឦសាន្តនៃប្រទេសកម្ពុជា។

មន្ទីរពេទ្យនេះមានអាគារសង្គ្រោះបន្ទាន់ អាគារវេជ្ជសាស្ត្រ អាគារអ្នកជំងឺ អាគារជំងឺឆ្លង អាគារផ្គត់ផ្គង់ អាគារអគ្គិសនី និងបន្ទប់ដាក់សាកសពនិងសំរាម។ ជាមន្ទីរពេទ្យធំដែលមានបន្ទប់ពិគ្រោះជំងឺ ២៥បន្ទប់ មជ្ឈមណ្ឌលថតឆ្លុះ (MRI, CT, DR, ថតឆ្លុះក្រពេះពោះវៀន) បន្ទប់វះកាត់ចំនួន៦ បន្ទប់ ICU ចំនួន១០គ្រែ។ មន្ទីរពេទ្យនេះមានគ្រែដែលអាចដាក់អ្នកជំងឺចំនួន ៣០០គ្រែ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ថាការសាងសង់មន្ទីរពេទ្យនេះគឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនមកកម្ពុជាបន្ទាប់ពីអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

លោកបន្ថែមថា៖ «សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ និងភូមិភាគឦសាន្ត ដែលរួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់ដណ្ដប់សេវាសុខភាពជាសកល ជាពិសេសជូនដល់ប្រជាជនដាក់ស្រយ៉ាល និងជនជាតិភាគតិច ដោយមិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ»។

ក្នុងពិធីសម្ពោធនាថ្ងៃនេះមានការចូលរួមពីមន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងប្រជាជនពលរដ្ឋប្រមាណ ៧០០នាក់ នៅក្នុងកន្លែងប្រារព្ធពិធីក្នុងបរិវេណមន្ទីរពេទ្យផ្ទាល់តែម្ដង។ ពលរដ្ឋបានសំដែងនូវការរីករាយដែលទទួលបានមន្ទីរពេទ្យថ្មីនេះ ដោយថានឹងអាចជួយសម្រួលដល់ការលំបាក និងលែងធ្វើដំណើរឆ្ងាយទៅរកមន្ទីរពេទ្យដូចមុនទៀតហើយ។

អនុមេភូមិផ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោក ម៉ៅ កុក បានឱ្យដឹងថាការបង្កើតមន្ទីរពេទ្យក្នុងខេត្តដែលដាក់ឱ្យដំណើរការនាពេលនេះគឺធ្វើឱ្យពលរដ្ឋមានការសប្បាយរីករាយដោយសារលែងចាំបាច់ធ្វើដំណើរទៅរកសេវាសុខាភិបាលនៅកន្លែងឆ្ងាយទៀតហើយ។

លោកថា៖ «ពីមុនលំបាកណាស់! ឈឺថ្កាត់អីត្រូវទៅឆ្ងាយ ត្រូវទៅភ្នំពេញ ឬកំពង់ចាមអីនោះ តែឥឡូវខេត្តយើងធ្វើពេទ្យនេះដូចថា មណ្ឌលគិរីក៏ជិត ក្រចេះអីក៏ជិតបានពេទ្យល្អអញ្ចឹងគឺស្រួលណាស់។ […] ជួយសម្រួលច្រើនតាំងពីការធ្វើដំណើរតាំងពីថវិកាអី យើងជិតអញ្ចឹងយើងមិនសូវយ៉ាប់ យើងស្នាក់នៅអីក៏ជិតដែរ ធ្វើដំណើរតាមផ្លូវគឺស្រួលមិនលំបាក»។

ពលរដ្ឋម្នាក់ទៀតលោក សាន់ សេរី អាយុ៦៧ឆ្នាំ រស់នៅភូមិពាមរមៀត ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ បានលើកឡើងថា មុនពេលមានមន្ទីរពេទ្យនៅក្នុងខេត្តពេលឈឺម្ដងៗ លោកត្រូវឡើងទៅភ្នំពេញ ឬចេញទៅប្រទេសវៀតណាមដើម្បីព្យបាលជំងឺ។

លោកថា៖ «យើងត្រូវចំណាយច្រើនដែរពិបាកគ្រប់សព្វបើផ្លូវឆ្ងាយ ពិបាកអ្នកនៅក្នុងបន្ទុកគ្រួសារតាមទៅមើលហ្នឹងក៏ពិបាក វាពិបាកគ្រប់សព្វ តែពេលបាននៅជិតហ្នឹងវាសប្បាយចិត្ត។ អរគុណហើយដែលបានជួយឱ្យបាននៅជិតនេះ»។

បើតាមលោក សេរី រាល់ការចំណាយធ្វើដំណើរទៅភ្នំពេញដើម្បីព្យាបាលជំងឺម្ដងៗលោកត្រូវចំណាយលើថ្លៃធ្វើដំណើរនិងកន្លែងស្នាក់នៅពី៣០ ទៅ៤០ម៉ឺនរៀលក្នុងការទៅសម្រាកព្យាបាលម្ដងៗ។

សាងសង់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មានអាគារចំនួន៨ខ្នង ៥ជាន់ កម្ពស់ ២៤ម៉ែត្រ នៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អាគារនេះសាងសង់លើផ្ទៃដី ៥៥ ៨១៤ម៉េត្រការ៉េ លើផ្ទៃដីសរុប ៧៥ ៥៧០ម៉ែត្រការ៉េ។

មន្ទីរពេទ្យនេះត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ គឺជាមន្ទីរពេទ្យដែលធំជាងគេបង្អស់ និងមានសមត្ថភាពខ្លាំងបើធៀបនឹងខេត្តដទៃ មន្ទីរពេទ្យនេះមិនត្រឹមតែមានសមត្ថភាពបម្រើសេវាសុខាភិបាលជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែអាចបម្រើដល់ពលរដ្ឋខេត្តក្បែរខាងផងដែរ។ សម្ដេចបានបានអរគុណដល់សាធារណរដ្ឋប្រជាមានិតចិនដែលបានជួយសាងសង់មន្ទីរពេទ្យមួយនេះ។

សម្ដេចមានប្រសាសន៍ថា៖ «សមិទ្ធផលដែលយើងឃើញនៅទីនេះគឺជាសមិទ្ធផលដែលមិនធ្លាប់មានលើទឹកដីនៃបណ្ដាខេត្តរបស់យើងដែលជាទីតាំងមួយដ៏ធំបម្រើដល់សុខមាលភាពប្រជាជន។ ខ្ញុំគិតថាមន្ទីរពេទ្យនេះ ដែលយើងដាក់សំណើរដល់សាធារណរដ្ឋប្រជាមានិតចិនក្នុងការកសាងនូវមន្ទីរពេទ្យនេះយើងបានពន្យល់ទៅដល់មិត្តចិនថា ទីតាំងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំនេះ មិនត្រឹមតែបម្រើឱ្យប្រជាជននៅក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែមួយផ្នែកពីខេត្តព្រៃវែង មួយផ្នែកទៀតពីខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ត្រូវរាប់រងដោយមន្ទីរពេទ្យនេះ»។

ក្នុងឱកាសនេះសម្ដេចតេជោអំពាវនាវឱ្យក្រុមគ្រូពេទ្យត្រូវមានមនសិការនិងវិជ្ជាជីវៈ ត្រូវមានសីលធម៌ និងឥរិយាបថល្អលើអ្នកជំងឺផងដែរ។ សម្តេចបន្តថា ក្នុងបរិបទកូវីដ ក្រុមគ្រូពេទ្យត្រូវបានប្រជាពលរដ្ឋប្រសិទ្ធនាមឱ្យជា កងទ័ពអាវស ដូច្នេះសម្ដេចតេជោសង្ឃឹមថាគ្រូពេទ្យរបស់យើងនឹងរក្សានាមនេះក្នុងការងារបន្តទៀត៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក