ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទន្ទឹមនឹងនៅមន្ទីពេទ្យមានឧបករណ៍ទំនើប គ្រូពេទ្យក៏ត្រូវមានមនសិការ និងវិជ្ជាជីវៈត្រឹមត្រូវ។
ក្រៅពីមានមនសិការវិជ្ជាជីវៈ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យ ក្រុមគ្រូពេទ្យត្រូវមានសីលធម៌ និងឥរិយាបថល្អលើអ្នកជំងឺផងដែរ។ សម្តេចបន្តថា ក្នុងបរិបទកូវីដ ក្រុមគ្រូពេទ្យត្រូវបានប្រជាពលរដ្ឋប្រសិទ្ធនាមឱ្យជា កងទ័ពអាវស ដូច្នេះសម្ដេចតេជោសង្ឍឹមថា គ្រូពេទ្យរបស់យើងនឹងរក្សានាមនេះក្នុងការងារបន្តទៀត។
សម្តេចក៏បានបញ្ជាក់ថា ដើម្បីមើលឃើញពីសារៈសំខាន់នៃវិស័យសុខាភិបាល សម្តេចក៏ទើបនឹងបានបញ្ជូលក្របខណ្ឌចំនួន ៤០០០ កន្លែងដល់វិស័យសុខាភិបាលផងដែរ។
សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ។