សមាជិកព្រឹទ្ធសភាអាមេរិកអំពាវនាវឱ្យធ្វើឃាតលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់ការឈ្លានពានលើអ៊ុយក្រែន
អាមេរិក៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ South Carolina លោក Lindsey Graham បានអំពាវនាវឱ្យពលរដ្ឋរុស្ស៊ីក្រោកឡើងធ្វើឃាតលោក ពូទីន ដើម្បីបញ្ចប់ការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។
លោកបានសរសេរនៅលើ Twitter របស់លោកថា៖ «ផ្លូវតែមួយគត់ដើម្បីបញ្ចប់រឿងនេះគឺមានតែនរណាម្នាក់នៅក្នុងប្រទេសរុស្ស៊ីយកម្នាក់នេះ (ពូទីន) ចេញ»។
បុរសដែលមកពីគណបក្សសាធារណរដ្ឋក៏បានបន្ថែមថា អ្នកដែលអាចដោះស្រាយរឿងនេះបានមានតែជនជាតិរុស្ស៊ីតែមួយគត់។
ជាមួយគ្នានេះផងដែរ សមាជិកគណបក្សសាធារណរដ្ឋរបស់លោក Graham រួមទាំងអ្នកតំណាង Matt Gaetz នៃរដ្ឋ Florida និង Marjorie Taylor Greene នៃរដ្ឋ Georgia បានស្តីបន្ទោសការអំពាវនាវរបស់សមាជិកព្រឹទ្ធសភារបស់លោក Lindsey Graham នេះ។
មិនតែប៉ុណ្ណោះអ្នកជំនួញជនជាតិរុស្ស៊ីម្នាក់ដែលរស់នៅរដ្ឋកាលីហ្វញ្ញ៉ា បានប្រកាសថា លោកនឹងផ្តល់ប្រាក់រង្វាន់ ១លានដុល្លារ សម្រាប់អ្នកណាដែលចាប់ខ្លួនលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដែលបានប្រព្រឹត្តក្នុងអំឡុងពេលជម្លោះអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានហៅការលើកឡើងរបស់លោក Lindsey Graham ថា៖ «មិនអាចទទួលយកបាននិងគួរឱ្យស្អប់ខ្ពើម»។
លោកចាត់ទុកថា ការលើកឡើងនេះជាការបង្ហាញពីការស្អប់ខ្ពើមនៅក្នុងសហរដ្ឋអាមេរិកចំពោះប្រទេសរុស្ស៊ី៕