ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៃក្រសួងសុខាភិបាល សហការជាមួយអង្គការ ហេទ្បែន ខេលល័រ និងគម្រោង MUSEFO នៃអង្គការ GIZ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់បំបៅដោះកូនជាលើកដំបូង ដែលរចនាឡើងដោយមានសម្ភារៈប្រកបដោយផាសុកភាព និងមានលក្ខណៈឯកជនសម្រាប់ម្តាយ ដើម្បីបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់បំបៅដោះកូនជាលើកដំបូងនេះធ្វើឡើង នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដែលមានទីតាំងនៅជិតវត្តភ្នំ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកលោកស្រី គឹម រ័ត្ននា បានឱ្យដឹងថា បន្ទប់ដែលបានរៀបចំនេះ បានផ្តល់នូវកន្លែងបំបៅចំនួន ៤កន្លែង ដែលអាចឱ្យម្តាយចំនួន ៤នាក់ ធ្វើការបំបៅដោះកូនក្នុងពេលតែមួយ ដែលរចនាឡើងដោយមានសម្ភារៈប្រកបដោយផាសុកភាព និងមានលក្ខណៈឯកជនសម្រាប់ម្តាយ។ នៅក្នុងបន្ទប់បំបៅនីមួយៗមានរចនាវាំងននដ៏ស្រស់ស្អាតជាមួយនឹងរូបភាព និងថូផ្កាដ៏ទាក់ទាញដែលអាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ស្រស់ថ្លាក្នុងការបំបៅកូន។
លោកស្រីបន្តថា ការផ្តួចផ្តើមគំនិតក្នុងការបង្កើតឱ្យមានបន្ទប់បំបៅដោះកូន និងទារកដ្ឋាននេះឡើង គឺដើម្បីសម្រួលដល់ម្តាយដែលបម្រើការងារនៅមជ្ឈមណ្ឌលនេះផ្ទាល់ ក៏ដូចជាម្តាយមកពិនិត្យសុខភាពដែលមានកូនតូចមកជាមួយ អាចមានកន្លែងសមរម្យក្នុងការបន្តបំបៅដោះកូនប្រកបដោយអារម្មណ៍កក់ក្តៅ។
លើសពីនេះ ម្តាយដែលទុកកូននៅឯផ្ទះ ក៏អាចប្រើប្រាស់បន្ទប់នេះ ដើម្បីច្របាច់ ឬបូមទឹកដោះ ហើយរក្សាទុកទឹកដោះរបស់ខ្លួននៅក្នុងទូទឹកកកនៅទីនោះ មុនពេលយកវាត្រឡប់ទៅផ្ទះវិញ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ប្រាក់ សោភ័ណនារី បានអំពាវនាវដល់ក្រសួង ស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ម្ចាស់ជំនួយ អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់ ចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅកន្លែងធ្វើការ ជាពិសេសសម្របសម្រួលឱ្យមានបន្ទប់បំបៅដោះកូននៅគ្រប់កន្លែងធ្វើការទាំងអស់ ដើម្បីឱ្យស្រ្តីអាចបន្តការបំបៅដោះកូន ដោយងាយស្រួលបន្ទាប់ពីត្រឡប់ចូលធ្វើការវិញ។
គួរឲ្យដឹងថា ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់៦ខែ ឱ្យបានដល់ ៨៥ភាគរយ នៅឆ្នាំ២០៣០ ខាងមុខនេះ៕