អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អ៊ុយក្រែន និងរុស្ស៊ី អាចរកផ្លូវចេញពីសង្រ្គាម ប្រសិនបើវិមានក្រឹមឡាំងមកពិភាក្សាដោយឆន្ទៈដើម្បីចរចាដោយស្មោះត្រង់។
ការឈ្លានពានអ៊ុយក្រែនដោយកងកម្លាំងរុស្ស៊ីបានជំរុញឱ្យមានវិបត្តិសន្តិសុខដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់អឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍។ លោក ពូទីន ហាក់បីដូចជាបានមើលស្រាលការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន និងការផ្ទុះកំហឹងជាសកលប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ទីបំផុត រុស្ស៊ីបានទទួលរងនូទណ្ឌកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ការទូត និងសន្តិសុខ ពីសំណាក់ប្រទេសជាច្រើន។
ប៉ុន្តែពិភពលោកក៏នៅតែស្ថិតក្នុងគ្រាដ៏គ្រោះថ្នាក់ និងមិនប្រាកដប្រជា។ អ្វីដែលកើតឡើងបន្ទាប់ពីជម្លោះនេះមានសំណួរជាច្រើនបានចោទសួរថា ពេលណា និងកន្លែងណាដែលការប្រយុទ្ធត្រូវបញ្ចប់។
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy បាននិយាយថា៖ «សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុបមិនមែនជាអាទិភាពចម្បងនៅពេលនេះទេ តែសន្តិសុខនិងសង្គ្រាមទើបជារឿងអាទិភាព»។
កិច្ចចរចារចុងក្រោយបង្អស់របស់អ៊ុយក្រែននិងរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញកិច្ចព្រមព្រៀងស្តីពីច្រករបៀងមនុស្សធម៌ ដោយទីក្រុងគៀវ និងទីក្រុងម៉ូស្គូបានយល់ព្រមលើផែនការសម្រាប់ច្រករបៀងសុវត្ថិភាពដើម្បីជម្លៀសជនស៊ីវិល៕