ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ បានផ្ញើសារលិខិតមួយច្បាប់ជូនចំពោះ អ៊ូ សាន សាយ ឈុំ ភរិយាប្រធានព្រឹទ្ធសភា សម្ដេចវិបុលសេនា សាយ ឈុំ ដោយបានជូនពរដល់លោកស្រី អ៊ូ សាន សាយ ឈុំ សមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាព ល្អបរិបូណ៌ និងជន្មាយុយឺនយូរ។ សម្ដេចតេជោបានជូនពរក្នុងឱកាសខួបលើកទី១១១ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២២។
សម្ដេចតេជោ បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតា តាមជួយបីបាច់ថែរក្សាការពារ និងគាំទ្រដល់អ៊ូ សាន សាយ ឈុំ និងសម្តេចវិបុលសេនា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បុត្រាបុត្រី បុត្រប្រសារ ព្រមទាំងចៅប្រុសស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាត។
ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាស នៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក» និងជាព្រឹត្តិការណ៍ដែលត្រូវប្រារព្ធនៅទូទាំងសកលលោក ដើម្បីរម្លឹកពី ប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្រ្តី និងក្មេងស្រី។
ខួបលើកទី១១១ នៃទិវាអន្តរ ជាតិនារី ៨មីនា ឆ្នាំ២០២២នេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេល អនាគត» ក្នុងគោលបំណងបន្តរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព និងការបន្តលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងគាំទ្រ និងជំរុញយ៉ាងសកម្មឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងបុរស ទាំងស្ត្រី ដើម្បីបន្តលើកកម្ពស់សិទ្ធិសេរីភាព ស្ថានភាពជីវភាព និងឋានៈតួនាទីរបស់ស្ត្រី និងជាពិសេស សុខដុមរមនាសង្គម៕