អន្តរជាតិ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយបន្ទាប់ពីការចរចារវាងភាគីទាំងពីរកាលពីថ្ងៃទី៣ ខែមីនា ថាអ៊ុយក្រែន និងរុស្ស៊ីបានព្រមព្រៀងគ្នាបង្កើតច្រករបៀងមនុស្សធម៌នៅក្នុងតំបន់នៃប្រទេសអ៊ុយក្រែនដែលជាកន្លែងប្រយុទ្ធគ្នា។
លោក Podolyak បាននិយាយថា ខណៈពេលដែលមិនមានបទឈប់បាញ់ ភាគីចរចាទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀស និងការផ្គត់ផ្គង់ថ្នាំ និងអាហារទៅកាន់កន្លែង។
លោក Podolyak បាននិយាយជាមួយអ្នកកាសែតបន្ទាប់ពីកិច្ចចរចានៅភាគខាងលិចប្រទេសបេឡារុស ខណៈដែលកងទ័ពរុស្ស៊ីបានបន្តការវាយប្រហារទៅលើអ៊ុយក្រែន។ លោកបានបន្តថា ក្រុមអ្នកចរចាក៏បានយល់ព្រមជួបគ្នាជាថ្មីម្តងទៀត ។
ក្នុងជំនួនចរចារភាគីអ៊ុយក្រែនបាននិយាយនៅមុនកិច្ចចរចាថា ពួកគេនឹងទាមទារឱ្យមានបទឈប់បាញ់ និងឱ្យមានច្រករបៀងមនុស្សធម៌។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក៏បានអំពាវនាវឱ្យលោកខាងលិចបង្កើនជំនួយយោធារបស់ខ្លួន បន្ទាប់ពីសមាជិកណាតូបានច្រានចោលការពង្រឹងតំបន់គ្មានការហោះហើរ ដោយសារការភ័យខ្លាចនៃការបញ្ឆេះសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្ដេជ្ញានឹងបន្តការឈ្លានពាន បើទោះបីជាមានការតវ៉ាជាសកលសម្រាប់ការបញ្ចប់អរិភាព និងផលប៉ះពាល់ដ៏អាក្រក់នៃទណ្ឌកម្មលើសេដ្ឋកិច្ចរបស់រុស្ស៊ីក៏ដោយ។
លោក ពូទីន បាននិយាយថា ប្រតិបត្តិការយោធារបស់រុស្ស៊ី នឹងដំណើរការទៅតាមផែនការ ហើយបានសរសើរទាហានរបស់ខ្លួនថាជាវីរបុរស៕