ភ្នំពេញ៖ អាជ្ញាធរមីនគ្រោងប្រកាសខេត្ត ក្រុងចំនួន ៧ដែលក្នុងនោះរួមមានទាំងរាជធានីភ្នំពេញក្លាយជាតំបន់គ្មានមីនក្នុងឆ្នាំ២០២២ បន្ទាប់ពីបានសម្រេចបានខេត្តកែបគឺជាខេត្តទីមួយដែលគ្មានមីន។
នៅក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីពី «វិស័យសកម្មភាពមីននិងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា» ត្រូវបានរៀបចំឡើងរួមគ្នារវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងពីគម្រោងនៃការប្រកាសខេត្តក្រុងចំនួន ៧ទៀតទៅជាខេត្តដែលគ្មានមីននៅក្នុងប្រទេសកម្ពុជា។
ខេត្ត ក្រុងទាំង ៧នោះរួមមាន រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តរតនគិរី និងខេត្តតាកែវ។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ សហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្វើការសម្អាតមីននៅក្នុងខេត្តបាត់ដំបងផងដែរ។ លោកបង្ហាញពីការគាំទ្រទៅលើគម្រោងមួយនេះព្រោះខេត្តបាត់ដំបង គឺជាខេត្តដែលសម្បូរទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះ ត្បិតជាតំបន់សមរភូមិកាលពីសម័យសង្គ្រាម។ លោកលើកទឹកចិត្តឲ្យមានការបន្តគម្រោងនេះ ទៅកាន់ខេត្តផ្សេងទៀត មានដូចជាខេត្តប៉ៃលិនជាដើម។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខេត្តកែបត្រូវបានប្រកាសជាខេត្តទីមួយនៅក្នុងប្រទេសកម្ពុជាដែលអស់មីន បន្ទាប់ពីត្រូវបានរដ្ឋាភិបាលសម្រេចយកដើម្បីធ្វើការបោសសម្អាតមីន ដោយសារមានផលប៉ះពាល់តិចតួច ក្រោមការចូលរួមឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុពីប្រទេសន័រវែស និងប្រទេសហុងគ្រី និងជ្រើសរើសយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាអ្នកបោសសម្អាត។
ការបោសសម្អាតមីនត្រូវធ្វើឡើងទៅលើខេត្តដែលមានមីន និងមានផលប៉ះពាល់ ដែលនៅក្នុងនោះមានដូចជាខេត្តព្រៃវែង (៣,៦ ហិកតា) ខេត្តកណ្តាល (៦,៥ ហិកតា) ភ្នំពេញ (១២៥ ហិកតា) ខេត្តកំពង់ចាម (១២៨ ហិកតា) ខេត្តព្រះសីហនុ (១៧៤ ហិកតា) ខេត្តរតនគិរី (៣៤០ ហិកតា) និងខេត្តតាកែវ (៣៦៣ ហិកតា)៕