ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

បារាំងកោតសរសើរកម្ពុជាដែលបានចូលរួមបោះឆ្នោតគាំទ្រឱ្យមានការបញ្ចប់ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានកោតសរសើរការសម្រេចចិត្តរបស់ប្រទេសកម្ពុជាក្នុងការចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិចំនួន១៤០ប្រទេសផ្សេងទៀត ដើម្បីសម្តែងសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន ដែលរងគ្រោះពីការវាយប្រហារពីយោធារុស្ស៊ី។

នាសៀសថ្ងៃទីទី៣ ខែមីនា នេះស្ថានទូតបារាំងបានបង្ហោះលើហ្វេសបុករបស់ខ្លួនថា៖ «ប្រទេសកម្ពុជា និងប្រទេសបារាំង រួមជាមួយប្រទេសសមាជិកចំនួន៩៤ផ្សេងទៀតដែលបានធ្វើជាសហស្ថានិកនៃសេចក្តីសម្រេចដែលត្រូវបានអនុម័តកាលពីម្សិលមិញ ប្រកាន់ខ្ជាប់ដូចគ្នានូវការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីនៃរដ្ឋនានា ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ យើងរួមគ្នាដើម្បីបញ្ចប់ការឈឺចាប់របស់ប្រជាពលរដ្ឋអ៊ុយក្រែន និងស្វែងរកមាគ៌ាសន្តិភាពសារជាថ្មី»។

កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរួមជាមួយប្រទេស១៤០ផ្សេងទៀតបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ»។

ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាក្នុងពេលប្រជុំបោះឆ្នោតនោះ កម្ពុជាបានសម្ដែងនូវការព្រួយបារម្ភចំពោះស្ថានការណ៍ដែលកំពុងកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើងដែលបណ្ដាលមកពីអរិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។

កម្ពុជាមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

កម្ពុជាបញ្ជាក់ថា ជំហររបស់ខ្លួនគឺ៖ «រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាព នយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក