ថៃ៖ សួនសត្វ ខ្លា ស្រីរ៉ាឆា (Sriracha Tiger Zoo) បានប្រកាសពីគោលបំណងក្នុងការលក់នូវសត្វដំរីចំនួន ១១ក្បាល ខណៈដែលសួនសត្វនេះជួបនូវវិបត្តិហិរញ្ញវត្ថុបន្ថែម ដោយសារការវាយប្រហារពីរលកទី៣ នៃវីរុសកូវីដ-១៩ ក្នុងប្រទេសថៃ។
ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សួនសត្វខាងលើ បានបង្ហោះនៅរូបភាពរបស់សត្វដំរីដែលត្រូវលក់ អមជាមួយអត្ថន័យថា៖ "សូមជួយចែករំលែកផុសនេះ! សូមគាំទ្រ និងជួយយើងក្នុងការស្វែងរកផ្ទះថ្មីសម្រាប់សត្វរបស់យើង។ សួនសត្វស្រីរ៉ាឆា កំពុងស្វែងរកអ្នកដែលចង់ទិញដំរី ដើម្បីឱ្យពួកយើងអាចមានលទ្ធភាពសម្រាលនូវវិបត្តិពីវីរុសកូវីដ-១៩។ វាពិតជាចាំបាច់សម្រាប់យើងក្នុងការលក់សត្វទាំងនេះ បើទោះពួកយើងស្រលាញ់ពួកគេយ៉ាងណាក៏ដោយ។ មិនថាពួកយើងស្រលាញ់ ឬស្រណោះយ៉ាងណា ក៏ពួកយើងនៅតែត្រូវបែកពីគ្នាដដែល"។
សូមបញ្ជាក់ថា នេះគឺជាការលក់នូវសត្វដំរីជំទង់ និងពេញវ័យសរុប ១១ក្បាល ហើយហ្មដំរីនេះត្រូវបានភ្ជាប់ក្នុងកញ្ចប់ការទិញខាងលើផងដែរ។ បើតាមប្រភពពីនាយកដ្ឋានឧទ្យានជាតិ អភិរក្ស និងការពារសត្វព្រៃ បានឱ្យដឹងថា សត្វដំរីគឺជាសត្វដែលត្រូវបានការពារក្រោមច្បាប់ការពារ និងអភិរក្សសត្វព្រៃ ដែលមានន័យថាសត្វដំរីមិនអាចត្រូវបានលក់ដូរឡើយ។ យ៉ាងណាមិញ បំរាមនេះក៏អាចលើកលែងផងដែរ ក្នុងលក្ខខណ្ឌសម្រាប់សួនសត្វ ឬគោលបំណងសម្រាប់ការសិក្សាស្រាវជ្រាវ ក្នុងនោះក៏រួមបញ្ចូលផងដែរ សម្រាប់គោលបំណងក្នុងការបង្កាត់ពូជថ្មី៕