អន្តរជាតិ៖ តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបបានកើនឡើងលើសពី ២ពាន់ដុល្លារ ក្នុង១ពាន់ម៉ែត្រគូបនៅថ្ងៃពុធម្សិលមិញ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តទីផ្សារឧស្ម័ន ស្របពេលដែលមានកម្ដៅកើនឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅខែមេសាខាងមុខតម្លៃឧស្ម័នអាចកើនឡើងទៅ ២ ២២៦ដុល្លារ ក្នុង១ពាន់ម៉ែត្រគូប ឬ ២១៣ដុល្លារក្នុង១មេហ្គាវ៉ាត់ម៉ោងដែលឈានដល់កម្រិតខ្ពស់បំផុត នេះបើតាមទិន្នន័យពីការវាយតម្លៃ ICE ទីក្រុងឡុងដ៍។
ការកើនឡើងនៃតម្លៃនេះ បន្ទាប់ពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដោយលោកខាងលិចមួយចំនួន ចំពេលប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។
អ្នកវិភាគជាន់ខ្ពស់នៅ Rystad Energy លោក Kaushal Ramesh បានឱ្យ Vesti ដឹងថា តម្លៃឧស្ម័នដែលផ្គត់ផ្គង់មកអឺរ៉ុបកំពុងកើនតម្លៃជារៀងរាល់នាទី។ លោកក៏បង្ហាញពីក្ដីបារម្ភផងដែរពីហានិភ័យនៃការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នមកអឺរ៉ុបដោយសារការខូចខាតដោយសារសង្រ្គាម ឬការរឹតបន្ដឹងពីរុស្ស៊ី។
យោងតាមសារព័ត៌មាន BBC ប្រទេសរុស្ស៊ីផ្គត់ផ្គង់ប្រហែល៤០% នៃការនាំចូលឧស្ម័នធម្មជាតិទៅសហភាពអឺរ៉ុប។ នៅសល់ភាគច្រើនមកពីប្រទេសន័រវេស និងអាល់ហ្សេរី។ ប្រទេសរុស្ស៊ីបញ្ជូនឧស្ម័នទៅអឺរ៉ុបតាមរយៈបំពង់បង្ហូរប្រេងសំខាន់ៗមួយចំនួនដូចជា Nord Stream 1 បំពង់Yamal-Europe និង Brotherhood ។ ឧស្ម័នត្រូវបានប្រមូលនៅក្នុងមជ្ឈមណ្ឌលស្តុកទុកក្នុងតំបន់ ហើយបន្ទាប់មកចែកចាយពាសពេញទ្វីប៕