ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី នឹងអនុវត្តគោលការណ៍បិទខ្ទប់ទាំងស្រុង ទៅលើគ្រប់ផ្នែកពាក់ព័ន្ធនឹងសកម្មភាពសង្គម និងសេដ្ឋកិច្ច ដែលចាត់ទុកថាជាវិធានការតឹងរ៉ឹងបំផុតមួយដើម្បីគ្រប់គ្រងវិបត្តិកូវីដ-១៩ ស្របពេលដែលអត្រាអ្នកឆ្លងថ្មីកើនឡើងខ្ពស់ ៤ថ្ងៃជាប់ៗគ្នា។
បើយោងតាមសេចក្តីថ្លែងការមួយនៅលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី Muhyiddin Yassin កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះបានឱ្យដឹងថា ការអនុវត្តដំណាក់កាលដំបូងនៃការបិទខ្ទប់នេះ នឹងចាប់ផ្តើមនៅថ្ងៃទី ០១ រហូតដល់ថ្ងៃទី ១៤ ខែមិថុនាខាងមុខ។ យ៉ាងណាក្តី មានតែសេវាកម្មមួយចំនួនដែលចាំបាច់សម្រាប់ផ្នែកសេដ្ឋកិច្ច ដែលបានចុះបញ្ជីជាមួយក្រុមប្រឹក្សាសន្តិសុខជាតិតែប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការបានក្នុងអំឡុងការបិទខ្ទប់ដំណាក់កាលទី១នេះ។
កន្លងមក នាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្លាប់លើកឡើងថា ការបិទខ្ទប់ដែលម៉ាឡេស៊ីធ្លាប់ធ្វើកន្លងមក វានឹងជួយឱ្យប្រទេសនេះមានសុវត្ថិភាពពីកូវីដ ប៉ុន្តែអ្វីដែលត្រូវដួលរលំនោះគឺ "សេដ្ឋកិច្ចប្រទេសទាំងមូល"។
គួរបញ្ជាក់ថា អត្រាអ្នកឆ្លងថ្មីនៅក្នុងប្រទេសម៉ាឡេស៊ីបានហក់ឡើងរហូតដល់កំណត់ត្រាខ្ពស់បំផុតរហូតដល់លើសពី ៨,០០០នាក់ក្នុងមួយថ្ងៃ ហើយបច្ចុប្បន្ននេះមានករណីដែលកំពុងសម្រាកព្យាបាលលើសពី ៧០,០០០នាក់ ខណៈអ្នកស្លាប់ដោយសារមេរោគនេះមានលើស ២,៥០០នាក់ទៅហើយក្នុងប្រទេសម៉ាឡេស៊ី៕