
ខេត្តបន្ទាយមានជ័យ សម្រេចបន្ដអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ : នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានថិរវេលាអនុវត្តរយៈពេល១ (មួយ) សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ចាប់ពីម៉ោង ២០ (ម្ភៃ)យប់ ដល់ម៉ោង ៥ (ប្រាំ) ព្រឹក លើកលែងតែចំពោះករណីមួយចំនួនដូចដែលបានកំណត់ក្នុងប្រការ២។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕