UN៖ ប្រទេសចំនួន ១៤១ ក្នុងនោះក៏មានកម្ពុជាផងដែរបានបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិទាមទារឱ្យបញ្ចប់ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
ដំណោះស្រាយទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ» ត្រូវបានសមាជិកភាគច្រើននៃសអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្រកាលពីយប់មិញដោយសំឡេង ១៤១ ទល់នឹង ៥ ខណៈមានប្រទេស ៣៥អនុប្បវាទ។
ការបោះឆ្នោតបានបិទបញ្ចប់សម័យប្រជុំបន្ទាន់ពិសេសដ៏កម្រនៃមហាសន្និបាត ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលដែលប្រទេសនានាបានឡើងវេទិកាដើម្បីប្រកាសជំហររបស់ពួកគេលើវិបត្តិនេះ។
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Abdulla Shahid ថា៖ «ខ្ញុំចូលរួមជាមួយរដ្ឋសមាជិកក្នុងការសម្តែងការព្រួយបារម្ភអំពី របាយការណ៍នៃការវាយប្រហារលើមូលដ្ឋានជនស៊ីវិល ដូចជាលំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យ និងការស្លាប់បាត់បង់ជីវិតរបស់ជនស៊ីវិល រួមទាំងស្ត្រី មនុស្សចាស់ ជនពិការ និងកុមារ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងប្រាប់អ្នកការសែតថាក្រោយការបោះឆ្នោតនេះអង្គការសហប្រជាជាតិនឹងមានកាតាព្វកិច្ចឈរលើដំណោះស្រាយ និងដឹកនាំដោយការអំពាវនាវរបស់ខ្លួន។
លោកថា៖ «សាររបស់មហាសន្និបាតគឺខ្លាំង និងច្បាស់! សូមបញ្ចប់អរិភាពនៅអ៊ុយក្រែនឥឡូវនេះ។ ស្ងាត់កាំភ្លើងឥឡូវនេះ។ បើកទ្វារសម្រាប់ការសន្ទនា និងការទូតឥឡូវនេះ»។
ប្រទេសចំនួន ៥ដែលបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះមាន បេឡារុស កូរ៉េខាងជើង អ៊ីត្រៀ រុស្ស៊ី និងស៊ីរី។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យល់ពីការចាប់ផ្តើមប្រតិបត្តិការយោធាដោយភាពចាំបាច់ជាបន្ទាន់ដើម្បី «ធ្វើឱ្យអ៊ុយក្រែនគ្មានយោធា» ដើម្បីការពារសាធារណរដ្ឋ Donbass និងដើម្បីធានាថារុស្ស៊ីនឹងមិនត្រូវបានដាក់នៅក្រោមការគំរាមកំហែងដោយណាតូពីទឹកដីអ៊ុយក្រែន។
លោកខាងលិចដែលដឹកនាំដោយអាមេរិកបានឆ្លើយតបនឹងការវាយលុកដោយការដាក់ទណ្ឌកម្មថ្មីយ៉ាងតឹងរ៉ឹងលើរុស្ស៊ីចំពោះការវាយប្រហារនេះ និងបានត្រៀមអាវុធដើម្បីគាំទ្រដល់អ៊ុយក្រែនផងដែរ៕