កែប៖ ខេត្តកែបបើកការដ្ឋានស្ថាបនាផ្លូវអ៊ុតកៅស៊ូប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ នៅស្រុកដំណាក់ចង្អើរ ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ផ្លូវ កៅស៊ូអាសេ ប្របមាត់សមុទ្រប្រវែង ១២គីឡូម៉ែត្រ ៧៥០ម៉ែត្រ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ កាលពីម្សិលមិញ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបលោក ម៉ម ទូច ផ្លូវប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប ដែលភ្ជាប់ពីចំណុចកំពង់ផែទេសចរណ៍កោះទន្សាយ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ១៣៣២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោកបញ្ជាក់ថា ដោយសារស្ថានភាពភូមិសាស្ត្រ ការស្ថាបនាផ្លូវនេះ ដោយគិតពីផ្លូវថ្នល់សម្រាប់ឡានម៉ូតូបើកបរ ផ្លូវសម្រាប់អ្នកជិះកង់ និងផ្លូវសម្រាប់អ្នកថ្មើរជើង។
ការស្ថាបនាផ្លូវនេះរួមមានទាំងការធ្វើលូប្រអប់ ១៣កន្លែប លូមូល ២៦កន្លែង សាងសង់ជញ្ជាំងថ្មទប់ដីប្រវែង ១២០០ម៉ែត្រ បំពាក់បង្គោលភ្លើង LED ប្រើពន្លឺព្រះអាទិត្យ លើផ្លូវប្រវែង ៣៥០០ម៉ែត្រ ។
គម្រោងនេះនឹងប្រើប្រាស់ រយៈពេលសាងសង់ចំនួន ២២ខែ ហើយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ សាងសង់ដោយក្រុមហ៊ុន MTA CONSTRUCTION .,LTD ប្រើប្រាស់ថវិកាសរុបប្រមាណ ១០,៥០លានដុល្លារ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនោះទេ។
អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ លោក វង្ស ពិសិដ្ឋ បានលើកឡើងថា ផ្លូវនេះជាផ្លូវរបៀងដ៏ធំរបស់អាស៊ានតភ្ជាប់ប្រទេសថៃ កម្ពុជា និងវៀតណាម ហើយផ្លូវនេះនឹងបង្កការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះកាន់តែមានភាពល្អប្រសើរឡើង តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ និងមានភាពងាយស្រួលនៅក្នុងការធ្វើដំណើរ៕