សម្ដេចក្រឡាហោម ណែនាំដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បន្តកិច្ចសហការគ្នាទប់ស្កាត់នូវបទល្មើសគ្រឿងញៀន
បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់ខេត្តជាប់ព្រំដែនពិសេសកម្ពុជា-ថៃ បន្តកិច្ចសហការគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងកិច្ចការងារចាំបាច់រវាងប្រទេសទាំងពីរ ដោយត្រូវមានការរឹតបន្តឹងទប់ស្កាត់នូវបទល្មើសលួចឆ្លងដែនដោយខុសច្បាប់នានា ជាពិសេសគ្រឿងញៀន។
មានប្រសាសន៍ក្នុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត (កម្ពុជា-ថៃ) កាលពីថ្ងៃទី១ ខែមីនា ដោយមានការចូលរួមពីមន្ត្រីខេត្តបន្ទាយមានជ័យ និងមន្ត្រីនៃរដ្ឋបាលខេត្តស្រះកែវ របស់ថៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាឱ្យបានល្អ ដោយសារច្រកទ្វាអន្តរជាតិប៉ោយប៉ែតនេះគឺជាច្រកទ្វាសេដ្ឋកិច្ចក៏សំខាន់ក្នុងការចរាចរណ៍ចេញ-ចូល រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃ ក៏ដូចជាការផ្តល់សេវាជូនដល់ជនបរទេសចូលមកកម្ពុជា រួមទាំងការដឹកទំនិញចេញ-ចូលផងដែរ។
សម្ដេចជំរុញដល់សមត្ថកិច្ចដែលឈរជើងនៅច្រកទ្វាអន្តរជាតិនេះក្នុងការត្រួតពិនិត្យទំនិញដែលចេញ-ចូល ដើម្បីធានាថាគ្មានការនាំចូលទំនិញខុសច្បាប់ចូលប្រទេសកម្ពុជា។
សម្តេចក្រឡាហោមបានបញ្ជាក់ថា៖ «ការត្រួតពិនិត្យទំនិញដែលមកកម្ពុជា គឺដើម្បីធានាការនាំចូលទំនិញស្របច្បាប់ ពិសេសការចរាចរណ៍គ្រឿងញៀនចូលមកកម្ពុជាយើង តាមគ្រប់រូបភាពដែលជាបញ្ហាដ៏ស្មុគស្មាញរបស់កម្ពុជាដោយការរត់ពន្ធគ្រឿងញៀនតាមព្រំដែន ដែលទាមទារឱ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវតែមានត្រួតពិនិត្យឱ្យបានម៉ត់ចត់ធ្វើយ៉ាងណាទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនកុំឱ្យចូលរួមកកម្ពុជាយើងបាន»។
ទិន្នន័យនៃការបង្ក្រាបរបស់សមត្ថកិច្ចលើឧក្រិដ្ឋជនគ្រឿងញៀនក្នុងឆ្នាំ២០២១ថា បានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៦៣០៨ករណី ថយចុះ ៤ ១៥៣ករណីបើធៀបនឹងឆ្នាំ២០២០ និងបានឃាត់ខ្លួនជនសង្ស័យសរុប ១៣ ៩៧៩នាក់ ក្នុងនោះជនសង្ស័យករណីជួញដូររក្សាទុក ៨៦៧២នាក់ ប្រើប្រាស់គ្រឿងញៀន ៥២៦៤នាក់ ដាំដុះ ៩នាក់ និងកែច្នៃ ៣៤នាក់។ ក្នុងចំណោមជនសង្ស័យនោះ មាន ៣៦៥នាក់ជាជនបរទេស។
របាយការណ៍ក៏បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ សមត្ថកិច្ចចាប់យកគ្រឿងញៀនសរុបជាង ៤តោន និង៦៨៩គីឡូក្រាម និងបង្ក្រាបបានកញ្ជាស្រស់ដោយបានកាប់បំផ្លាញបានចំនួន ៥៣ ១៨៧ដើម កញ្ឆាក្រៀមជាង ១៣៥គីឡូក្រាម ខណៈសារធាតុគីមីផ្សុំបង្ក្រាបបានជាង ៨៤តោន កើនជាង ១ពាន់ភាគរយ៕