កណ្ដាល : នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល បានប្រកាសបន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្តូង នៃឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយត្រូវកំណត់ជា តំបន់លឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវបន្តអនុវត្តសម្រាប់រយៈពេល (ប្រាំពីរ) ថ្ងៃបន្តទៀតគិតចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងនោះការកំណត់ជា តំបន់លឿង មានដូចខាងក្រោម៖
១, ផ្នែកខ្លះនៃភូមិស្វាយជ្រុំ លើកលែងផ្នែកខ្លះនៃប៉ែកខាងជើង ចាប់ពីផ្លូវចូលភូមិ ផ្នែកខាងកើត ជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
២, ផ្នែកខ្លះនៃភូមិអណ្ដូង លើកលែងផ្នែកខ្លះនៃប៉ែកខាងត្បូង ចាប់ពីផ្លូវបេតុង កែងនឹងដេប៉ូតេលា ស្ថិតក្នុងភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ផែនទីនៃការកំណត់ភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្តូង នៃឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានកំណត់ជា “តំបន់លឿង ” ត្រូវបានភ្ជាប់នៅខាងក្រោម។
រដ្ឋបាលខេត្តកណ្ដាល បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅ និងរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕