បន្ទាយមានជ័យ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ស សុខា បានជំរុញដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យលោក ស សុខា បានជំរុញដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវបង្ក្រាបគ្រឿងញៀនខុសច្បាប់ ឱ្យស្របតាមការវិវត្តប្រែប្រួលកាន់តែស្មុគស្មាញនៃបច្ចេកវិទ្យាផលិត និងសកម្មភាពចរាចរជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងសង្គម។ លោកក៏ជំរុញឱ្យបង្កើនការគ្រប់គ្រងមុខសញ្ញាជួញដូរ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សំដៅគ្រប់គ្រងកាត់ផ្តាច់ចរន្តនៃការជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតតំបន់ ដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់ប្រទេសកម្ពុជាសម្រាប់ជាគោលដៅផលិតគ្រឿងញៀនផងដែរ។
លោក ស សុខា ក៏បានជម្រុញដល់ក្រុមការងារនៅមូលដ្ឋានពិសេសសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបំរើសុខទុក្ឋពលរដ្ឋនៅមូលដ្ឋានដោយអនុវត្តន៍វិធានការគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានហ្មត់ចត់។
គោលនយោបាយភូមិឃុំមានសុវត្ថិភាពមានចំនួន៧ ដូចជា ការផ្តល់សេវាសាធារណៈដោយគុណភាព តម្លាភាព និងជំនឿទុកចិត្តបាន គ្មានបទល្មើសចោរកម្ម គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់បទល្មើសគ្រប់ប្រភេទ ភូមិឃុំមានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង មានវិធានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ភូមិឃុំមានសោភ័ណភាពបរិស្ថានល្អ និងឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕