អាជ្ញាធរខេត្តបាត់ដំបងឱ្យម្ចាស់លំនៅឋាននិងអាជីវកម្មទាំងអស់រុះរើស្លាកពាណិជ្ជកម្មចេញក្នុងតំបន់អគារអភិរក្ស
បាត់ដំបង៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងស្តីពីការកែលម្អនិងរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពនៅក្នុងតំបន់អគារអភិរក្ស ក្រុងបាត់ដំបង ដោយសម្រេចអោយម្ចាស់លំនៅឋាននិងអាជីវកម្មទាំងអស់ក្នុងតំបន់អគារអភិរក្ស ចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ ត្រូវកាត់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះ។
យោងតាមខ្លឹមសារក្នុងសេចក្តីជូនដំណឹងខាងលើ រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់ថា ការតម្រូវឱ្យរុះរើនេះគឺ ដើម្បីលើកកម្ពស់ សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងគុណតម្លៃនៃសំណង់អគារអភិរក្ស ក្នុងទីប្រជុំជនក្រុងបាត់ដំបង។
ក្នុងលិខិតនោះបញ្ជាក់ថា៖ «រដ្ឋបាលខេត្តនឹងរៀបចំសណ្តាប់ធ្នាប់ ក្នុងតំបន់អគារអភិរក្ស ចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ (ពីចំណុចវត្តដំរីស ដល់វត្តពិភិទ្ធារាម) និងលំនៅដ្ឋានជុំវិញផ្សារធំបាត់ដំបង (ផ្សារណាត់) ដោយតម្រូវឱ្យម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់នៅក្នុងទីតាំងខាងលើចូលរួមអនុវត្តតាមការកំណត់របស់រដ្ឋបាលខេត្ត»។
អាជ្ញាធរតម្រូវដល់ម្ចាស់ផ្ទះនិងអាជីវកម្មដែលនៅជាប់ផ្លូវទាំងនេះ ដកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ចេញពីលើចិញ្ចើមផ្លូវ កាត់តម្រឹមសំយ៉ាបផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោគ្រប់ប្រភេទឱ្យសមស្របតាមបទប្បញ្ញត្តិស្តីពីការដាក់តាំងស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះក្នុងតំបន់អភិរក្ស និងមិនអនុញ្ញាតឱ្យអាជីវកម្មយកទំនិញគ្រប់ប្រភេទដាក់តាំងលក់លើចិញ្ចើមផ្លូវមុខផ្ទះនោះទេ។
រដ្ឋបាលខេត្តសង្ឃឹមថាម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់ក្នុងទីតាំងខាងលើ នឹងចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕