តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃប្រេងពិភពលោកឡើងថ្លៃបច្ចុប្បន្ននេះគឺមួយផ្នែកបណ្តាលមកពីផលប៉ះពាល់ពីសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៉ី។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ នាថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ សម្តេចបានឱ្យដឹងថា៖ «រុស្ស៊ីក៏ជាប្រទេសមួយដ៏ធំក្នុងពិភពលោក នេះជាផលប៉ះពាល់ពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដែលកំពុងតែញ៉ាំញីដោយកូវីដកាន់តែពិបាក»។
សម្ដេចបន្ថែមថា៖ «ការឡើងថ្លៃប្រេងមិនមែនឡើងនៅកម្ពុជាទេ ឡើងនៅទូទាំងពិភពលោក។ យើងមិនមែនជាប្រទេសផលិតប្រេងទេ សូម្បីតែប្រទេសផលិតប្រេងក៏ប្រេងឡើងថ្លៃដែរ»។
តម្លៃប្រេងនៅកម្ពុជាបច្ចុប្បន្នសម្រាប់ប្រេងសាំងធម្មតាតម្លៃ ៤ ៨០០រៀល ខណៈប្រេងម៉ាស៊ូតតម្លៃ ៤ ៥០០រៀល។ នេះជាការឡើងលើកទី៥ហើយចាប់តាំងពីដើមឆ្នាំ២០២២នេះ។