អាមេរិក៖ YouTube បានបិទបណ្តាញរបស់សារព័ត៌មាន RT និង Sputnik សម្រាប់អ្នកប្រើប្រាស់អឺរ៉ុបទាំងអស់ ដែលជាវេទិកាគ្រប់គ្រងដោយក្រុមហ៊ុន Google Alphabet Inc.។
RT International គឺជាបណ្តាញសារព័ត៌មានពេញនិយមបំផុតនៅលើ YouTube ហើយបច្ចុប្បន្នមានអ្នកតាមដានជាង ៤,៦៦ លាននាក់។
ចំណែក Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានប្រកាសថា ខ្លួននឹងដាក់កម្រិតអ្នកប្រើប្រាស់អឺរ៉ុបពីការចូលមើល RT និង Sputnik នៅលើវេទិការរបស់ខ្លួន បន្ទាប់ពីទទួលបាន «សំណើពីរដ្ឋាភិបាលមួយចំនួន»។
ការផ្សាយរបស់គេហទំព័រ RT និង Sputnik ត្រូវបានហាមឃាត់ដោយប្រទេសអឺរ៉ុបមួយចំនួនផងដែរ។
រុស្ស៊ីបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយអះអាងថា ខ្លួនចាំបាច់ក្នុងការធ្វើរឿងនេះ និងបញ្ឈប់ការគំរាមកំហែងដែលបង្កឡើងដោយការពង្រីកការលូនចូលរបស់ណាតូចូលទៅក្នុងអ៊ុយក្រែន។
ប្រទេសលោកខាងលិចបានសងសឹកជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំ និងការរឹតបន្តឹងផ្សេងទៀត។ យោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង Bruno Le Maire បានឱ្យដឹងថា គោលដៅរបស់គេគឺ «ធ្វើសង្រ្គាមសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងស្រុង» ប្រឆាំងនឹងទីក្រុងម៉ូស្គូ និង «បណ្តាលឱ្យមានការដួលរលំនៃសេដ្ឋកិច្ចរុស្ស៊ី»៕