ហូឡង់៖ រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានឱ្យដឹងកាលពីថ្ងៃចន្ទថា លោកនឹងបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលជម្លោះយោធា។
រដ្ឋអាជ្ញា ICC Karim Khan បានធ្វើសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយប្រកាសថា ការស៊ើបអង្កេតនឹងត្រូវបើកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ទោះបីជាអ៊ុយក្រែនមិនមែនជារដ្ឋភាគីរបស់តុលាការក៏ដោយ។
លោកថ្លែងថា៖ «ថ្ងៃនេះខ្ញុំសូមប្រកាសថា ខ្ញុំបានសម្រេចចិត្តបន្តបើកការស៊ើបអង្កេតលើស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន» គាត់បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ ICC ។
លោកក៏បាននិយាយផងដែរថា ទោះបីជាអ៊ុយក្រែនមិនមែនជាសមាជិកនៃតុលាការក៏ដោយ ក៏ ICC មានសិទ្ធិក្នុងការទទួលយកយុត្តាធិការរបស់តុលាការលើឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នៅលើទឹកដីរបស់ខ្លួន។
នៅដើមថ្ងៃនោះ ប្រទេសលីទុយអានីបានអំពាវនាវដល់ ICC ឱ្យបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលអាចប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី និងបេឡារុស្ស ចំពេលមានជម្លោះយោធានៅអ៊ុយក្រែន។
កាលពីថ្ងៃអាទិត្យ អ៊ុយក្រែនក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសរុស្ស៊ីនៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់ការបើកការវាយប្រហារ «ខុសច្បាប់ក្រោមលេសគ្មានមូលដ្ឋាននិងមិនសមហេតុផល» នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តនៅក្នុង DPR និង LPR៕