កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

រដ្ឋាភិបាលប្តេជ្ញាចិត្តប្រឆាំងអំពើជួញដូរមនុស្សខណៈបទល្មើសនេះកើនឡើងកាលពីឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្តប្រឆាំងនឹងការជួញដូរមនុស្សតាមរយៈការចុះអនុស្សារណៈជាមួយគម្រោង CTIP ខណៈប៉ូលីសបានរកឃើញបទល្មើសនេះមានការកើនឡើងកាលពីឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០។

គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ.) និងអង្គការវីនរ៉ក់អន្តរជាតិ (Winrock International) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (CTIP) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ រវាងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ លោកស្រី ជូ ប៊ុនអេង ជាមួយតំណាងឱ្យអង្គការវីនរ៉ក់អន្តរជាតិ និងជាប្រធានគម្រោង CTIP លោក Mark Taylor ដើម្បីបញ្ចាក់ជាផ្លូវការនូវកិច្ចសហការរបស់ CTIP ជាមួយ គ.ជ.ប.ជ ដែលជាស្ថាប័នសម្របសម្រួលថ្នាក់ជាតិនៅកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង គជបជ និងអង្គការវីនរ៉ក់អន្តរជាតិ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងលើកកម្ពស់ប្រសិទ្ធភាពនៃវិធានការប្រឆាំងការជួញដូរនៅកម្ពុជា។

លោកស្រី ជូ ប៊ុនអេង លើកឡើងថាមានកិច្ចការជាច្រើនដែលកម្ពុជាអាចធ្វើរួមគ្នាជាមួយអង្គការពាក់ព័ន្ធ បន្ថែមពីលើអ្វីដែលបានកំពុងធ្វើកន្លងមក ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រីនិយាយថា៖ «យើងនឹងពិនិត្យមើលផែនការយុទ្ធសាស្រ្តជាតិសម្រាប់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងពិភាក្សាអំពីរបៀបដែលគម្រោងនេះ អាចជួយសម្រេចបាននូវលទ្ធផលដែលបានគ្រោងទុក ស្របតាមគោលបំណងនិងទិសដៅដែលបានកំណត់ចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិ»។

ដោយទទួលបានការគាំទ្រផ្នែកថវិកាដោយទីភ្នាក់ងារជំនួយអាមេរិកប្រចាំនៅកម្ពុជាដែលហៅកាត់ថា USAID គម្រោង CTIP នឹងគាំទ្រដល់ពលករចំណាកស្រុក និងអ្នកដែលមានហានិភ័យ តាមរយៈការលើកស្ទួយជីវភាពក្នុងការចិញ្ចឹមជីវិតប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ឱកាសកសាងជំនាញ ដោយកាត់បន្ថយការលើកទឹកចិត្តក្នុងការស្វែងរកឱកាសចិញ្ចឹមជីវិតដែលមានហានិភ័យឆ្ងាយពីផ្ទះ។

ប្រធានគម្រោង CTIP លោក Mark Taylor លើកឡើងថា គជបជ បានវិវត្តទៅជាស្ថាប័នសម្របសម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់លើកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយស្ថាប័ននេះបម្រើជាគំរូសម្រាប់ស្ថាប័នដទៃទៀតនៅក្នុងតំបន់និងលើពិភពលោក។

លោកមានជំនឿងថា គម្រោង CTIP ប្រាកដជានឹងអាចសម្រេចជោគជ័យរួមគ្នាជាមួយ គជបជ និងសមាជិករបស់ស្ថាប័ននេះ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរយៈពេល ៥ឆ្នាំបន្តទៀត។

ចាប់តាំងពីបានប្រកាសឱ្យដំណើរការកាលពីខែសីហា ឆ្នាំ២០២១ គម្រោង CTIP បានចូលរួមក្នុងការគាំទ្រយ៉ាងជិតស្និទដល់ គជបជ ដើម្បីបង្កើនវិសាលភាពនៃការបណ្តុះបណ្តាលអំពីរបៀបកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងផ្តល់សេវាកម្មសមស្រប ទៅដល់មន្ត្រីជួរមុខនៅតាមស្រុកជាប់ព្រំដែនប្រទេសថៃក្នុងខេត្តបាត់ដំបង។

គម្រោង CTIP ក៏បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងផ្នែកបង្ការទប់ស្កាត់របស់ខ្លួនតាមរយៈការបណ្តុះបណ្តាលដល់ប្រជាជនក្នុងសហគមន៍ងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ស្តីពីអំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនៅថ្នាក់ខេត្ត ព្រមទាំងចូលរួមក្នុងថ្នាកជាតិ រួមមានដូចជាកិច្ចការវាយតម្លៃពាក់កណ្តាលអាណត្តិនៃផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំសម្រាប់ប្រឆាំងអំពើជួញដូរមនុស្ស ការពិនិត្យឡើងវិញនិងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្នុងចំណោមកិច្ចការសំខាន់ៗមួយចំនួនទៀតដែលគម្រោងនេះកំពុងសហការធ្វើជាមួយ គជបជ។

នៅឆ្នាំ២០២១ កូវីដ-១៩ បានធ្វើឱ្យស្ថានការណ៍ទាំងមូលនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមានសភាពធ្ងន់ធ្ងរ ដោយមានលំហូរនៃពលករចំណាកស្រុកត្រឡប់មកពីប្រទេសជិតខាង និងការកើនឡើងនៃភាពអត់ការងារធ្វើនៃប្រជាជនក្នុងស្រុក ដោយសារតែការបិទរោងចក្រ និងគ្រឹះស្ថានអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរូណា។ ក្នុងឆ្នាំ២០២១ សកម្មភាពសង្គមត្រូវបានកម្រិត ខណៈមានការកើនឡើងខ្លាំងនៃសកម្មភាពតាមអ៊ីនធឺណិតដែលបានបង្កើតឱកាសកាន់តែច្រើនដល់ជនល្មើសក្នុងការប្រព្រឹត្តបទល្មើសកេងប្រវ័ញ្ចលើប្រព័ន្ធអ៊ីនធឺណិតតាមរូបបែបផ្សេងៗជាច្រើនប្រភេទ។

យោងតាម គជបជ ជនសង្ស័យចំនួន ៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២១ ដែលជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ ប៉ូលីសបានបង្ក្រាបបានបទលើ្មសពាក់ព័ន្ធអំពើជួញដូរមនុស្សបានចំនួន២៣៥ករណីក្នុងឆ្នាំ២០២១ ដែលជាការកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅចំនួន ១៩១ករណីបន្ថែមទៀត បើប្រៀបធៀបនឹងបទល្មើសដែលត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២០ មានតែ ៤៤ករណីប៉ុណ្ណោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក