ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសក្នុងរយៈពេល ២ខែដើមឆ្នាំនេះកើនជាង ២ម៉ឺនតោនធៀបនឹងឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹងថា ក្នុងរយៈពេល២ខែដើម ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសមានចំនួនកើនឡើងជាង២ម៉ឺនតោន បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ។

យោងតាមសារនៅលើបណ្ដាញសង្គមរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថានៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០តោន ទៅកាន់ទិសដៅ៥២ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣តោន ស្មើនឹង ៩,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧តោន។

រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា ការនាំចេញអង្ករមានចំនួន ១០៣ ០៥៨តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១ភាគរយ) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន។

បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន (កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤ភាគរយ)។

ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន (កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤ភាគរយ)។

ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន (កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,៤៣ភាគរយ) និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន (ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង១៩,២៣ភាគរយ)។

ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន (៧៥,០២ភាគរយ) និងក្រុមហ៊ុន៣១ដទៃ ទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨ភាគរយ)។

ចំណែកការនាំចេញស្រូវវិញ រដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានឱ្យដឹងថា បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន) ដែលមានការកើនឡើងចំនួន ៩២ ០៦៨តោន (១៦,៤៧ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។

លោកបន្តថា សរុបការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ គឺមានបរិមាណ នាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០តោន កើនឡើងចំនួន ៦ ៥៧០,៣៣តោន ស្មើនឹង ០,៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧តោន ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក