អន្តរជាតិ៖ នៅថ្ងៃអង្គារ ទី០១ ខែមីនា ជនភៀសខ្លួនបន្ថែមទៀតបានមកដល់ទីក្រុង Przemysl ភាគខាងកើតប្រទេសប៉ូឡូញ ដែលជាមជ្ឈមណ្ឌលសម្រាប់ជនភៀសខ្លួនពីសកម្មភាពយោធារបស់រុស្ស៊ី។
ពី Medyka ដែលជាច្រកព្រំដែនដ៏មមាញឹកបំផុតរបស់ប្រទេសប៉ូឡូញ មន្ត្រីបានដឹកអ្នកមកដល់ថ្មីចូលទៅក្នុងឡានក្រុង មុនពេលបញ្ជូនពួកគេទៅកាន់មជ្ឈមណ្ឌលទទួលភ្ញៀវមួយនៅក្នុងទីក្រុង Przemysl ក្បែរនោះដែលជាកន្លែងដែលមិត្តភក្តិ សាច់ញាតិ និងអ្នកស្ម័គ្រចិត្តរង់ចាំ។
ជំរុំបណ្តោះអាសន្នមួយត្រូវបានបង្កើតឡើងនៅទីនោះ ដើម្បីសម្របសម្រួលការមកដល់ និងផ្តល់អាហារដល់ជនភៀសខ្លួន និងការផ្គត់ផ្គង់ផ្សេងៗទៀតដូចជាសម្លៀកបំពាក់ជាដើម។
ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថាមនុស្សជាង ៥០ម៉ឺននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីកាលពីសប្តាហ៍មុន។
មន្ត្រីសហភាពអឺរ៉ុបបាននិយាយថាសង្គ្រាមអាចនឹងធ្វើឱ្យមនុស្ស៧លាននាក់ភៀសខ្លួន។
អាជ្ញាធរព្រំដែនប៉ូឡូញបាននិយាយថាជិត ៣២៧ ០០០នាក់បានចូលប្រទេសប៉ូឡូញចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈដោយមានប្រហែល ៧៣ ៣០០នាក់បានមកដល់នៅថ្ងៃច័ន្ទ ភាគច្រើនជាស្ត្រីនិងកុមារខណៈដែលបុរសដែលមានអាយុពី១៨ ដល់៦០ឆ្នាំត្រូវបានរារាំងមិនឱ្យចាកចេញពីប្រទេស។
សហភាពអឺរ៉ុប (EU) បាននិយាយថា ខ្លួននឹងផ្តល់សិទ្ធិឱ្យប្រជាជនអ៊ុយក្រែនធ្វើការ និងស្នាក់នៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុបរហូតដល់បីឆ្នាំ៕