
BREAKING NEWS : ទីបំផុតឧត្តមសេនីយ៍ផឹកស៊ី ផ្កាយ២និងបក្ខពួក២នាក់ទៀតល្មើសវិធានការបិទខ្ទប់រាជធានីភ្នំពេញ ត្រូវបានតុលាការសម្រេចឃុំខ្លួនចោទប្រកាន់ពីបទ «រារាំងវិធានការរដ្ឋបាល»
(ភ្នំពេញ)៖ នៅទីបំផុតអតីតឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ដែលព្រះមហាក្សត្រទើបចេញព្រះរាជក្រឹត្យដកសក្តិនិងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ត្រូវបានចៅក្រមស៉ើបសួរ លោក អ៊ុក សុវណ្ណារិទ្ធ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនជាប់ចោទ និងបក្សបួកជនទៅដាក់ពន្ធនាគារព្រៃសរហើយនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុងបានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថា ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៉ើបសួរគឺបន្ទាប់ពីព្រះរាជអាជ្ញារង លោក ឡុង ជាប បានសម្រេចចោទប្រកាន់បុគ្គលទាំង៣នាក់នេះ «រារាំងវិធានការរដ្ឋបាល» បានមាត្រា១១ នៃច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ និងការទប់ស្កាត់ជំងឺឆ្លងរីករាលដាលផ្សេងៗ និងដោយអនុវត្តនីតិវិធីបង្ហាញខ្លួនភ្លាម តាមមាត្រា៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
មូលហេតុនៃការឃាត់ខ្លួនជនជាប់ចោទទាំងបីរូបនោះ ដោយសារមូលហេតុកាលពីយប់មិញត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អតីតឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ ដែលមានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ផឹកស៊ី ស្រែកច្រៀង រាំងលេងកំសាន្តមិនខ្វល់ពីហានិភ័យចម្លងមេរោគកូវីដ-១៩ និងរហូតមានការលេងប៉ាតម្សៅដល់អ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់ទៀតផង។ ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌមានជ័យ ក៏បានចាប់វាយខ្នោះអតីតឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក និងបក្សពួក ២នាក់ទៀតនៅនឹងកន្លែងតែម្តង រួមមាន៖ ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និងឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែកមនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។
យោងតាមមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មានចែងអំពី «បទរារាំងដល់ការអនុវត្តវិធានការ» ដោយកំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញស្រប តាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២,០០០,០០០ (ពីរលាន) រៀល ទៅ១០,០០០,០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ) ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥,០០០,០០០ (ប្រាំលាន)រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕