អន្តរជាតិ៖ នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា ប្រទេសជប៉ុននឹងមិនស្វែងរកកិច្ចព្រមព្រៀងចែករំលែកអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកទេ ដែលជំទាស់ទៅនឹងការចង់បានរបស់អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe។
ថ្លែងទៅកាន់សភាកាលពីថ្ងៃច័ន្ទ លោក Kishida បានច្រានចោលការរៀបចំចែករំលែកនុយក្លេអ៊ែរពីអាមេរិកថា «មិនអាចទទួលយកបាន» ដោយលើកឡើងពី ជំហររបស់ជប៉ុនក្នុងការរក្សាគោលការណ៍មិនមាននុយក្លេអ៊ែររបស់ប្រទេស នេះបើយោងតាមសារព័ត៌មានក្យូដូ។
ប្រទេសជប៉ុនបានប្តេជ្ញាជាយូរមកហើយថានឹងមិនផលិត កាន់កាប់ ឬអនុញ្ញាតឱ្យប្រទេសផ្សេងទៀតនាំយកអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនឡើយ ដោយសារធ្លាប់មានប្រវត្តិសាស្ត្រដែលត្រូវបានវាយប្រហារដោយគ្រាប់បែកបរមាណូ។ ខណៈពេលដែលត្រូវបានហាមប្រាមមិនឱ្យមានអាវុធនុយក្លេអ៊ែ និងបានចែងជាគោលការណ៍ណែនាំសម្រាប់គោលនយោបាយរបស់ជប៉ុនផងដែរ។
កាលពីថ្ងៃអាទិត្យ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាននិយាយក្នុងបទសម្ភាសន៍មួយថា ប្រទេសជប៉ុនគួរតែពិចារណាកិច្ចព្រមព្រៀងចែករំលែកអាវុធនុយក្លេអ៊ែរដែលជាជម្រើសមួយត្រឹមត្រូវ។
លោកថា៖ «វាចាំបាច់ណាស់ក្នុងការយល់ដឹងពីរបៀបដែលសន្តិសុខរបស់ពិភពលោកត្រូវបានរក្សា ហើយយើងមិនគួរចាត់ទុកការពិភាក្សាទាំងនោះថាជាបម្រាមទេ»។
ចក្រភពអង់គ្លេស និងបារាំង សមាជិកអង្គការណាតូចំនួនប្រាំទៀតដែលមិនមែនជាប្រទេសមាននុយក្លេអ៊ែរ ដូចជា ទួរគី អាល្លឺម៉ង់ អ៊ីតាលី បែលហ្សិក និងហូឡង់ សុទ្ធតែមានគ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកនៅលើដីរបស់ពួកគេ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងអាវុធនិងមិនរីកសាយ។ រដ្ឋចំនួនប្រាំពីរផ្សេងទៀតរបស់អង្គការណាតូផ្តល់ជំនួយសម្រាប់បេសកកម្មនុយក្លេអ៊ែរតាមរយៈផ្លូវអាកាស៕