សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជាឱ្យបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១២នាក់ចេញពីប្រទេសកាលពីថ្ងៃចន្ទដោយចោទថាបានចូលរួមក្នុងសកម្មភាពចារកម្ម។
អ្នកនាំពាក្យឱ្យស្ថានតំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Olivia Dalton បានសរសេរលើ Twitter របស់លោកស្រីថា៖ «សហរដ្ឋអាមេរិកបានជូនដំណឹងដល់តំណាងបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាតិ ថា យើងកំពុងចាប់ផ្តើមដំណើរការបណ្ដេញអ្នកស៊ើបការណ៍សម្ងាត់ចំនួន ១២នាក់ចេញពីតំណាងបេសកកម្មរុស្ស៊ី ដែលបានរំលោភលើសិទ្ធិស្នាក់នៅក្នុងសហរដ្ឋអាមេរិក ដោយចូលរួមក្នុងសកម្មភាពចារកម្មដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់យើង»។
លោកស្រីបញ្ជាក់ថានេះមិនមែនជាវិធានការភ្លាមៗនោះទេ គឺសហរដ្ឋអាមេរិកបានតាមដាននិងធ្វើការលើរឿងនេះជាច្រើនខែមកហើយ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បានប្រាប់អ្នកយកព័ត៌មានថា អ្នកការទូតទាំង១២នាក់ត្រូវបានស្នើឱ្យចាកចេញត្រឹមថ្ងៃទី៧ ខែមីនា។ លោកបាននិយាយថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបចំពោះទង្វើនេះ។
ឆ្លើយនឹងសំណួរអ្នកយកព័ត៌មានលោក Nebenzia បានលើកឡើងថា៖ «ខ្ញុំមិនទាន់ទទួលបានឈ្មោះទេ ប៉ុន្តែចំនួនគឺមាន១២នាក់»។
លោក Nebenzia បានលើកឡើងពីបញ្ហានៅពេលចាប់ផ្តើមនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ដោយពណ៌នាការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិកថាជា "អរិភាព" និងការរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៃទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។