ភ្នំពេញ៖ ប្រទេសជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុប ៤១លានដុល្លារ ដើម្បីធ្វើការលើការបោសសម្អាតមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAM / Masahiro) នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន ០២ រួមមានការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២ពាន់លានយ៉េន ប្រមាណ១៧លានដុល្លារអាមេរិក និងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២ ៧៨៦ លានយ៉េន ប្រមាណ ២៤លានដុល្លារអាមេរិក។
ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕