ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា | សភាពាណិជ្ជកម្មត្រកូលលីនពិភពលោកគ្រោងរៀបចំសន្និសីទនៅក្នុងខែវិច្ឆិកាដើម្បីស្វែងរកនូវសក្ដានុពលវិនិយោគនៅកម្ពុជា | មុនលាគ្នាសម្ដេចធិបតីប្រាប់លោក វ៉ាង វិនធាន ថា «កម្ពុជារង់ចាំ និងស្វាគមន៍ឯកឧត្តមជានិច្ច» | ថ្ងៃនេះ២៥ឆ្នាំមុន អាមេរិក បានបណ្ដុះពន្លកអនាគតនាយករដ្ឋមន្ត្រីកម្ពុជា |

អាជ្ញាធរហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs)

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើឲ្យអជ្ញាធរមានសមត្ថកិច្ចហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs ឬ Heated tobacco products) ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសយុវជនដែលកំពុងឈ្លក់វង្វេងក្នុងការប្រើប្រាស់ផលិតផលទាំងនោះ។

នៅក្នុងសិក្ខាសាលាស្ដីពីការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រួមជាមួយស្ថាប័ននិងអង្គភាពពាក់ព័ន្ធ បានស្នើទៅកាន់អាជ្ញាធរមានសមត្ថកិច្ចទាំង២៥រាជធានី-ខេត្ត ឲ្យចូលរួមនៅក្នុងការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នេះ។

ទោះបីជារាជរដ្ឋាភិបាលបានចេញនូវសេចក្ដីណែនាំហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ និងដើមឆ្នាំ២០២១យ៉ាងណាក្ដី ក៏សកម្មភាពនៃការលក់ និងការប្រើប្រាស់នៅមិនទាន់បាត់រលុបចេញពីប្រទេសកម្ពុជានៅឡើយ។

អាជ្ញាធរទាំង២៥រាជធានី-ខេត្ត បានទទួលស្គាល់ថា បច្ចុប្បន្នមានការនាំចូល និងការធ្វើអាជីវកម្ម និងការប្រើប្រាស់ បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺមានការចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គមតាមរយៈការ Post ឬLive លក់នៅលើបណ្ដាញទំនាក់ទំនងសង្គមដូចជា Tik Tok Instagram Telegram និងជាពិសេសគឺ Facebook យ៉ាងគឃ្លើនពីសំណាក់អ្នកនាំចូល និងធ្វើអាជីវកម្មលើផលិតផលខុសច្បាប់ទាំងនេះ។

អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងនោះរួមមានការផ្ទុះដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងការចម្លងជំងឺពីម្នាក់ទៅម្នាក់ដោយសារការប្រើប្រាស់រួមគ្នាជាពិសេសជំងឺកូវីដ-១៩។

លើសពីនេះសូលុយស្យុងស្អិត (E-liquid) ដែលប្រើនៅក្នុងបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី គឺមានផ្ទុកនូវសារធាតុគីមីគ្រោះថ្នាក់ជាច្រើនដូចជាសារធាតុគីមីផ្ដល់រសជាតិ នីកូទីន គ្លីសេរីន និងប្រូពីឡែន គ្លីកូលជាដើម។ នីកូទីនគឺធ្វើឱ្យញៀនខ្លាំង ចំពោះស្ត្រីមានផ្ទៃពោះគឺធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់គភ៌ និងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាល។

សម្រាប់យុវជន វានឹងធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ការចងចាំ ការផ្ចង់អារម្មណ៍ និងជាផ្លូវមួយនាំពួកគេទៅរកការប្រើប្រាស់គ្រឿងញៀនគ្រោះថ្នាក់ផ្សេងទៀតនាពេលអនាគត។ ចំហាយដែលបានមកពីសូលុយស្យុងស្អិតនេះគឺមានសមត្ថភាពនាំយកសារធាតុគីមីគ្រោះថ្នាក់បង្កជំងឺមហារីកចូលទៅក្នុងសួតបានកាន់តែជ្រៅ។

បើយោងតាមការស្រាវជ្រាវប្រមូលទិន្នន័យរយៈពេល៦ខែរបស់មជ្ឈមណ្ឌល CDC នៃសហរដ្ឋអាមេរិក ដែលធ្វើចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថាមានប្រជាជនសហរដ្ឋអាមេរិកចំនួន ២ ៨០៧នាក់បានឈឺ និង៦៨នាក់បានស្លាប់ដោយសារជំងឺសួតដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក។

គួរឲ្យដឹងថា បារីអេឡិកត្រូនិច (Electronic Cigarette) ជាឧបករណ៍អេឡិចត្រូនិចថ្មីមួយនៃផលិតផលថ្នាំជក់ ដែលដំណើរការដោយប្រើថាមពលដោយការដុតកម្តៅវត្ថុរាវដែលដាក់នៅក្នុងបំពង់ ដែលផ្ទុកវត្ថុរាវនោះសម្រាប់ឱ្យអ្នកប្រើប្រាស់ស្រូបចូលនិងបញ្ចេញផ្សែងមកក្រៅដូចនឹងបារីធម្មតាផងដែរ។ បារីអេឡិកត្រូនិច ត្រូវបានគេហៅឈ្មោះផ្សេងៗគ្នា ដូចជា e-cigs, e-hookahs, vapes, vape pens, tank systems, or mods។ វាត្រូវបានពេញនិយមជាពិសេសពីក្រុមយុវជននៅទូទាំងសកលលោករួមទាំងប្រទេសកម្ពុជាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក